(ប៉េកាំង)៖ នៅដំណាច់ឆ្នាំនេះ ប្រទេសចិននឹងតម្រូវឱ្យមន្ទីរពេទ្យឯកទេស ផ្តល់ការចាក់ថ្នាំបន្ថយភាពឈឺចាប់ពេលសម្រាល ដែលជាវិធានការមួយជួយដល់ស្រ្តី ក្នុងពេលសម្រាលកូន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ ២០២៥។

គណៈកម្មការជាតិសុខាភិបាលរបស់ប្រទេសចិន (NHC) បានចេញសេចក្តីថ្លែងការណ៍កាលពីសប្តាហ៍មុនថា មន្ទីរពេទ្យឯកទេស ដែលមានចាប់ពី ៥០០គ្រែ ត្រូវផ្តល់ថ្នាំបន្ថយភាពឈឺចាប់ពេលសម្រាល នៅដំណាច់ឆ្នាំ ២០២៥នេះ ខណៈមន្ទីរពេទ្យ ដែលមានគ្រែលើសពី ១០០គ្រែ ត្រូវតែផ្តល់សេវាដូចគ្នានេះនៅឆ្នាំ ២០២៧។

តាមសារព័ត៌មាន China Daily ប្រហែល ៣០ភាគរយនៃស្ត្រីមានផ្ទៃពោះនៅក្នុងប្រទេសចិន ទទួលយកការប្រើថ្នាំសន្លប់ ដើម្បីបំបាត់ការឈឺចាប់អំឡុងពេលសម្រាល ខណៈប្រទេសអភិវឌ្ឍផ្សេងទៀតមានច្រើន ៧០ភាគរយ។

អង្គការសុខភាពពិភពលោក បានផ្តល់អនុសាសន៍ឱ្យប្រើថ្នាំ epidurals សម្រាប់ស្ត្រីមានផ្ទៃពោះដែលមានសុខភាពល្អ និងចង់បំបាត់ការឈឺចាប់ពេលសម្រាល។ ថ្នាំប្រភេទនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងប្រទេសជាច្រើន ជុំវិញពិភពលោក រួមទាំងបារាំង សហរដ្ឋអាមេរិក និងកាណាដា។

គួរបញ្ជាក់ថា អាជ្ញាធរចិនព្យាយាមជំរុញអត្រាកំណើត បន្ទាប់ពីចំនួនប្រជាជនបានធ្លាក់ចុះ ៣ឆ្នាំជាប់ៗគ្នា ក្នុងឆ្នាំ ២០២៤ ជាមួយនិងការព្រមានពីអ្នកជំនាញថា ការធ្លាក់ចុះនេះនឹងកាន់តែអាក្រក់ទៅៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕