(ប៉េកាំង)៖ កិច្ចជំនួបតាមទូរស័ព្ទរវាងប្រមុខរដ្ឋចិននិងអាមេរិកកាលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានរំលឹកឱ្យពិភពលោកវិលត្រឡប់ទៅកាន់ ប្រវត្តិសាស្រ្តកាលពី៨ឆ្នាំមុន ដែលរំលេចពីភាពប្រសើរនៃទំនាក់ទំនងចិននិងអាមេរិក កាលពីអាណត្តិទី១របស់លោកប្រធានាធិបតី Donald Trump ដោយបានឈានទៅដល់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅវិញទៅមក រវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ ដែលក្នុងនោះ លោក Xi Jinping ប្រធានរដ្ឋចិនបានទៅបំពេញទស្សនកិច្ចនៅប្រទេសអាមេរិក នាខែមេសា ឆ្នាំ២០១៧ ហើយលោក Donald Trump ប្រធានាធិបតីអាមេរិកបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នាខែវិច្ឆិកា ឆ្នាំ២០១៧។
សញ្ញាណវិជ្ជមាននេះនៅដក់ជាប់ជានិច្ច ជាមួយនិងក្រសែភ្នែករបស់មនុស្សជាតិ ដែលបានយល់ស្របគ្នាថា «កិច្ចសហប្រតិបត្តិការគឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់» សម្រាប់ប្រទេសចិននិងប្រទេសអាមេរិក ហើយសហប្រតិបត្តិការដ៏ល្អទាំងស្រុង រវាងប្រទេសមហាអំណាទាំងពីរដែលតែងរក្សាបាន នូវទំនាក់ទំនងជិតស្និទ្ធតាមរយៈមធ្យោបាយផ្សេងៗគ្នា ហើយប្រើប្រាស់យ៉ាងពេញលេញ នូវយន្តការកិច្ចសហប្រតិបត្តិការ ការសន្ទនាកម្រិតខ្ពស់លើកិច្ចសន្ទនាការទូតនិងសន្តិសុខ កិច្ចសន្ទនាសេដ្ឋកិច្ចទូលំទូលាយ កិច្ចបង្កើនផលប្រយោជន៍ជូនដល់សង្គម និងប្រជាជន រួមទាំងការលើកកម្ពស់វប្បធម៌គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ នឹងធ្វើឱ្យបរិមាណនិងទំហំ «នំខេកនៃកិច្ចសហប្រតិបត្តិការ» កាន់តែរីកធំឡើងជាលំដាប់ ហើយសមិទ្ធផលនៃទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិក នឹងផ្តល់ផល «មហាសាល» ដល់ពិភពលោក។ ជាក់ស្តែងតាមរយៈ«គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ដែលជាផលប្រយោជន៍សាធារណៈជាសកល ប្រទេសចិនបានលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅ ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៤.៤ពាន់លាននាក់នៅក្នុង៦៥ប្រទេស។
កិច្ចជំនួបតាមទូរស័ព្ទរវាងប្រមុខរដ្ឋចិននិងអាមេរិកកាលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានក្លាយជាគីឡូម៉ែត្រ ចេញដំណើររបស់ពិភពលោកដែលបានឈរជាប់ជានិច្ច ជាមួយប្រទេសចិនក្នុងនាមជាប្រទេសមហាអំណាចដែលមានភាពចាស់ទុំ ដោយមានអរិយធម៌ជាង៥០០០ឆ្នាំមកនេះ ដែលពោរពេញដោយភក្តីភាពនិងទំនួលខុសត្រូវ គិតគូរពីផលប្រយោជន៍រួម របស់មនុស្សជាតិ បានក្លាយជាក្តីជន្ទល់ដ៏រឹងមាំដល់សហគមន៍អន្តរជាតិ ដើម្បីរិះរកនូវយន្តការនានាឆ្លើយតបជាវិជ្ជមាន ទៅនឹងគោលនយោបាយតម្លើងពន្ធ ដែលគ្មានភាពសមហេតុផលរបស់ប្រទេសអាមេរិក ចាប់ពីតាំងពីដើមអាណត្តិទី២ របស់លោកប្រធានាធិបតី Donald Trump។
ផ្ទុយពីប្រទេសអាមេរិកដែលកាន់ដំបងពន្ធលើដៃគូពាណិជ្ជកម្មទាំងអស់របស់ខ្លួន ប្រទេសចិនប្តេជ្ញារក្សាពាណិជ្ជកម្មសេរីរួមគ្នា ជាមួយមិត្តជុំវិញពិភពលោក។ ប្រទេសចិនបានពន្លាត «ពន្ធសូន្យ» ដល់ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៣។ ប្រទេសចិនផ្តល់គតិដល់ការធ្វើកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោក ដោយផ្អែកលើគោលការណ៍មិនរើសអើង និងបើកចំហ។ ក្នុងន័យនេះ កិច្ចជំនួបតាមទូរស័ព្ទនេះគឺជាកិច្ចជំនួបតាមទូរស័ព្ទដ៏សំខាន់មួយលើក ដែលមនុស្សជាតិទន្ទឹងរង់ចាំយ៉ាងយូរ និងបានក្លាយជារបត់ថ្មីនៃប្រវត្តិសាស្រ្ត ដែលទទួលបានការសាទរពីពិភពលោក ហើយវាក៏ជាការទទួលយកនូវផលយ៉ាងល្អប្រសើរ ដែលបានកើតចេញពីនៃកិច្ចចរចាពាណិជ្ជកម្មជុំទី១ រវាងអាមេរិកនិងចិន នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ហើយជាបច្ច័យទាននៃហេតុឆ្ពោះទៅសម្រេចបាន នូវផលកាន់តែត្រចះត្រចង់ពីកិច្ចចរចាពាណិជ្ជកម្មជុំទី២នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស គ្រោងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះផងដែរ។
កិច្ចជំនួបតាមទូរស័ព្ទរវាងប្រមុខរដ្ឋចិននិងអាមេរិកកាលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញកាន់តែច្បាស់ពីទស្សនវិជ្ជារបស់ចិន ដែលតែងបានរំលេចថា សេដ្ឋកិច្ចពិភពលោកកាន់តែពឹងផ្អែកគ្នាទៅវិញទៅមក ដូចជាមហាសមុទ្រ ដែលចរន្តពីម្ខាងនីមួយៗ អាចជះឥទ្ធិពលដល់គ្នាទៅវិញទៅមក។ ចាប់ពីថ្ងៃដំបូងនៃការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក ប្រទេសចិនបានផ្តល់ផលប្រយោជន៍ មហាសាលចាក់បញ្ចូលទៅក្នុងចរន្តនៃសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលមានផលប្រយោជន៍ ទៅវិញទៅមក។ សព្វថ្ងៃនេះ ប្រទេសចិនបានជំរុញច្រើនជាង៣០% នៃកំណើនពិភពលោក និង ២០%នៃពាណិជ្ជកម្មពិភពលោក។
ការរួមចំណែកនេះកើតចេញពីជម្រើសជាមូលដ្ឋាននៃប្រាជ្ញាចិន ដែលតែងចាត់ទុកការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ជាភាពជាដៃគូ មិនមែនជាគូប្រជែងនោះឡើយ។ ក្នុងន័យនេះ កិច្ចជំនួបតាមទូរស័ព្ទនេះជាការដាស់តឿនអាមេរិកឱ្យងាកមក ត្រឡប់ទៅកាន់ផ្លូវត្រឹមត្រូវវិញស្របតាមមាគ៌ារបស់ប្រទេសចិន ដើម្បីគូសបញ្ជាក់ថាទំនាក់ទំនងដ៏រឹងមាំរវាងចិននិងអាមេរិក មិនត្រឹមតែនឹងអាចផ្តល់ជាផលប្រយោជន៍ឲ្យប្រទេស និងប្រជាជនរបស់យើងទាំង២ប៉ុណ្ណោះទេ វាថែមទាំងផ្តល់ជាផលប្រយោជន៍ដល់ ពិភពលោកទាំងមូលផងដែរ។
មានហេតុផលរាប់ពាន់ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងចិននិងអាមេរិក ទទួលបានជោគជ័យ ហើយគ្មានហេតុផលណាមួយ ដែលអាចហាមឃាត់ហេតុផលទាំងនោះបានឡើយ។ ប្រទេសចិនយល់ថាច្បាស់ណាស់ថា មហាសមុទ្រដ៏ធំនៃសេដ្ឋកិច្ចពិភពលោក តម្រូវឱ្យប្រទេសទាំងពីរមានកិច្ចសហការជាមួយគ្នា ប្រៀបដូចជារួមគ្នាជិះនៅលើ នាវាជាមួយគ្នាប្រកបដោយភាពច្បាស់លាស់នៅលើ ផ្លូវនាវាចរណ៍ ដោយមានត្រីវិស័យបែបវិទ្យាសាស្រ្ត និងស្របជាមួយចរន្តអភិវឌ្ឍដែលនោះច្បាស់ណាស់ថា យើងនឹងអាចសម្រេចបាននិងទទួលបាន អត្ថប្រយោជន៍ច្រើនថែមទៀត បើទោះបីជាស្ថិតនៅក្នុងព្យុះភ្លៀងរលកបោកបក់យ៉ាងណា ក៏ដោយ។
ជារួម កិច្ចជំនួបតាមទូរស័ព្ទរវាងប្រមុខរដ្ឋចិននិងអាមេរិក គឺជាទស្សនទានដ៏សំខាន់មួយដែលបានជំរុញដល់អាមេរិក ក្នុងដំណើរស្របជាមួយប្រាជ្ញាចិន នៅក្នុងការកែតម្រូវទិសដៅនាវាចរណ៍ នៃទំនាក់ទំនងរវាងចិននិងអាមេរិក ដោយអាមេរិកត្រូវបំបាត់ចោលការរំខាន និងការបំផ្លាញគ្រប់បែបយ៉ាង ហើយជំនួសមកវិញនូវកិច្ចសហប្រតិបត្តិការ ដែលជា «មាគ៌ាតែមួយគត់» សម្រាប់ប្រទេសពីរក្លាយជាដៃគូកិច្ចសហប្រតិបត្តិការល្អយ៉ាងពិតប្រាកដ។ ស្របនឹងទស្សនវិជ្ជាចិន គឺស្របនឹងចរន្តពហុភាគីនិយមដើម្បីការពារសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ពិភពលោក ហើយចរន្តនេះនឹងវាយបំបាក់នយោបាយប្រជាភិថុតស្តីពី «ជាតិរបស់ខ្លួនទី១បែបឯកតោភាគីនិយម»៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន