(មូស្គូ)៖ ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានធ្វើការផ្លាស់ប្តូរអ្នកទោសសង្គ្រាមមួយក្រុម ដែលពាក់ព័ន្ធនឹងទាហានមានអាយុក្រោម ២៥ឆ្នាំ កាលពីថ្ងៃចន្ទ ទី៩ ខែមិថុនា។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី ដែលបានបញ្ជាក់ថា ការដោះដូរនេះគឺជាលទ្ធផលនៃកិច្ចចរចាដោយផ្ទាល់រវាងប្រទេសទាំងពីរ កាលពីដើមខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥។
កិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី២ ខែមិថុនា បាននាំឲ្យមានកិច្ចព្រមព្រៀងមួយដើម្បីធ្វើការផ្លាស់ប្តូរទាហានយ៉ាងហោចណាស់ ១,២០០នាក់ពីភាគីនីមួយៗ ដោយផ្តោតលើអ្នករបួសដែលក្មេងជាងគេ និងធ្ងន់ធ្ងរបំផុត ព្រមទាំងការប្រគល់សាកសពទាហានរាប់ពាន់នាក់ដែលបានស្លាប់ក្នុងសង្គ្រាម។ ការដោះដូរអ្នកទោស គឺជាចំណុចមួយក្នុងចំណោមចំណុចមួយចំនួនតូចដែលភាគីទាំងពីរអាចឯកភាពគ្នាបាន ខណៈការចរចាលើបញ្ហាធំៗបានបរាជ័យ។
ក្រសួងការពារជាតិរុស្ស៊ី មិនបានបញ្ជាក់ពីចំនួនអ្នកទោសដែលត្រូវបានផ្លាស់ប្តូរកាលពីថ្ងៃចន្ទនោះទេ ប៉ុន្តែបាននិយាយថា ភាគីទាំងពីរបានដោះដូរចំនួនយោធាដូចគ្នា។ កាលពីចុងសប្តាហ៍ ជំនួយការវិមានក្រឹមឡាំង លោក Vladimir Medinsky បាននិយាយថា បញ្ជីដំបូងនៃអ្នកទោសអ៊ុយក្រែនចំនួន ៦៤០នាក់ ត្រូវបានប្រគល់ឲ្យអ៊ុយក្រែន។
យោធារុស្ស៊ីបានឲ្យដឹងថា ទាហានដែលត្រឡប់មកវិញរបស់ខ្លួន បច្ចុប្បន្នស្ថិតនៅក្នុងប្រទេសបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី ដើម្បីទទួលបានជំនួយផ្លូវចិត្ត និងវេជ្ជសាស្ត្រ មុនពេលបញ្ជូនទៅរុស្ស៊ី។ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃចន្ទថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចដើម្បីគោរពកិច្ចព្រមព្រៀងដោះដូរអ្នកទោស ទោះបីជាខ្លួនបានចោទប្រកាន់ទីក្រុងកៀវថា មិនបានគោរពពេញលេញតាមផ្នែកនៃការចរចារបស់ខ្លួនក៏ដោយ។
គួរបញ្ជាក់ថា ទោះបីជាមានវឌ្ឍនភាពផ្នែកមនុស្សធម៌នេះក៏ដោយ ដំណោះស្រាយទូទៅដើម្បីបញ្ចប់សង្គ្រាមនៅតែហាក់ដូចជានៅឆ្ងាយ ខណៈដែលការប្រយុទ្ធគ្នានៅតែបន្តយ៉ាងសាហាវនៅលើសមរភូមិ៕