(តេហេរ៉ង់)៖ ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសៅរ៍ បានរិះគន់យ៉ាងខ្លាំងក្លាចំពោះបម្រាមធ្វើដំណើរថ្មី និងទណ្ឌកម្មថ្មីដាច់ដោយឡែកពីគ្នា ដែលដាក់ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ដោយហៅវិធានការទាំងពីរនេះថា បង្ហាញពី «អរិភាពយ៉ាងជ្រាលជ្រៅ» ចំពោះប្រជាជនអ៊ីរ៉ង់ និងជនមូស្លីម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអ៊ីរ៉ង់ម្នាក់ បានថ្លែងតាមរយៈបណ្ដាញ X ថា «ការសម្រេចចិត្តហាមឃាត់ការចូលរបស់ជនជាតិអ៊ីរ៉ង់... មិនត្រឹមតែបង្ហាញពីអរិភាពយ៉ាងជ្រាលជ្រៅ... នោះទេ ប៉ុន្តែថែមទាំងបំពានច្បាប់អន្តរជាតិទៀតផង»។ បម្រាមធ្វើដំណើរថ្មីរបស់លោក ត្រាំ ដែលលោកអះអាងថាចាំបាច់ដើម្បីការពារពី «ភេរវករបរទេស» បានរារាំងពលរដ្ឋមកពីប្រទេសចំនួន ១២ រួមមាន អ៊ីរ៉ង់ អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា លីប៊ី សូម៉ាលី និងយេម៉ែនជាដើម។

ក្រៅពីនេះ អ៊ីរ៉ង់ក៏បានថ្កោលទោសទណ្ឌកម្មថ្មីរបស់អាមេរិកដែលសំដៅលើបុគ្គល និងអង្គភាពជាង ៣០ ដែលវ៉ាស៊ីនតោនចោទថា ជាផ្នែកនៃបណ្ដាញ «ធនាគារស្រមោល» ដែលជួយអ៊ីរ៉ង់លាងលុយរាប់ពាន់លានដុល្លារផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បានហៅទណ្ឌកម្មនេះថា «ខុសច្បាប់» និងជា «ភស្តុតាងបន្ថែមទៀតនៃអរិភាពដ៏ជ្រាលជ្រៅ» របស់អាមេរិក។

គួរបញ្ជាក់ថា បម្រាមធ្វើដំណើរនេះ បានរំឭកពីសកម្មភាពស្រដៀងគ្នាដែលលោក ត្រាំ បានអនុវត្តក្នុងអំឡុងអាណត្តិដំបូងរបស់លោក ដែលពេលនោះបានហាមឃាត់អ្នកធ្វើដំណើរមកពីប្រទេសដែលមានប្រជាជនមូស្លីមភាគច្រើនមួយចំនួន។

វិធានការដាក់សម្ពាធថ្មីៗទាំងនេះ កើតឡើងស្របពេលដែលរដ្ឋបាលលោក ត្រាំ ក៏កំពុងព្យាយាមចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយជាមួយអ៊ីរ៉ង់ផងដែរ ដែលបង្ហាញពីគោលនយោបាយពីរស្របគ្នារបស់វ៉ាស៊ីនតោន៕