(ឡុងដ៏)៖ នៅថ្ងៃអង្គារ ទី១០ ខែមិថុនា នេះ មន្ត្រីកំពូលរបស់សហរដ្ឋអាមេរិក និងចិន ត្រូវបន្តកិច្ចចរចាពាណិជ្ជកម្មសម្រាប់ថ្ងៃទីពីរនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដោយសង្ឃឹមថានឹងរកឃេីញនូវចំណុចថ្មីជុំវិញការគ្រប់គ្រងការនាំចេញ សម្រាប់មុខទំនិញដូចជារ៉ែកម្រ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចពិភាក្សានេះកើតឡើងក្នុងពេលវេលាដ៏សំខាន់សម្រាប់មហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ ដោយទិន្នន័យគយបង្ហាញថាការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ៣៤.៥ភាគរយនៅក្នុងខែឧសភា ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២០ នៅពេលដែលការផ្ទុះឡើងនៃជំងឺកូវីដ១៩។ ចំណែកសហរដ្ឋអាមេរិក ក៏កំពុងរងផលប៉ះពាល់ពីអតិផរណា ទីផ្សារការងារជាប់គាំង និងតម្លៃប្រាក់ដុល្លារធ្លាក់ចុះ ។

កាលពីថ្ងៃចន្ទ ភាគីទាំងពីរបានជួបប្រជុំគ្នាម្តងហេីយ ដោយពិភាក្សាទៅលេីភាពខ្វែងគំនិតគ្នាជុំវិញកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ហើយបន្តចរចាគ្នានៅព្រឹកថ្ងៃអង្គារនេះទៀត​មុនពេលបញ្ចេញព័ត៌មានថ្មីៗ។

ភាគីអាមេរិកដឹកនាំដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Howard Lutnick និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ខណៈភាគីចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក He Lifeng៕