(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា អ៉ីរ៉ង់បានចូលរួមនៅក្នុងការចរចារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ដែលមានបំណងស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ ២០២៥។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន ដូច្នេះថា «ហ្កាហ្សាពេលនេះ កំពុងស្ថិតក្នុងការចរចាដ៏ធំក្នុងចំណោមពួកយេីង ជាមួយក្រុមហាម៉ាស និងអ៉ីស្រាអែល ហើយអ៉ីរ៉ង់ពិតជាបានចូលរួម។ យើងនឹងបានឃើញថាមានអ្វីកើតឡើង។ យើងចង់យកចំណាប់ខ្មាំងត្រឡប់មកវិញ»។
លោក ត្រាំ មិនបានបញ្ជាក់លម្អិតទេ ហើយសេតវិមានក៏មិនទាន់ឆ្លើយតបចំពោះសំណើសុំព័ត៌មានលម្អិតអំពីការចូលរួមរបស់អ៉ីរ៉ង់នោះទេ។ ចំណែកបេសកកម្មរបស់អ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ ក៏នៅមិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយដែរ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានស្នើឱ្យមានបទឈប់បាញ់រយៈពេល ៦០ថ្ងៃ។ អ៉ីស្រាអែល ថានឹងគោរពតាម ប៉ុន្តែក្រុមហាម៉ាស បានច្រានចោល ។ នៅក្រោមសំណើរបស់សហរដ្ឋអាមេរិក ចំណាប់ខ្មាំងអ៉ីស្រាអែល ២៨នាក់ នឹងត្រូវដោះលែងនៅក្នុងសប្តាហ៍ដំបូង ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន ១ ២៣៦នាក់ និងសាកសពប្រជាជនប៉ាឡេស្ទីន ១៨០នាក់៕