(បែរឡាំង)៖ ប្រមុខចារកម្មអាល្លឺម៉ង់ បានព្រមានថា រុស្ស៉ីកំពុងពិចារណាធ្វេីតេស្តលេីការតាំងចិត្តដោះស្រាយបញ្ហារបស់អង្គការណាតូ (NATO) រួមទាំងការបន្តការប្រឈមមុខដាក់គ្នាជាមួយលោកខាងលិចហួសពីព្រំដែនអ៊ុយក្រែន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ ២០២៥។

លោក Bruno Kahl បាននិយាយថា ទីភ្នាក់ងាររបស់លោកមានសញ្ញាចារកម្មច្បាស់លាស់ ដែលមន្ត្រីរុស្ស៉ីជឿជាក់ថា កាតព្វកិច្ចការពារជាតិរួមដែលមានចែងនៅក្នុងសន្ធិសញ្ញា NATO លែងមានការអនុវត្តជាក់ស្តែងទៀតហើយ។ លោក Kahl គូសបញ្ជាក់ថា «យើងស៉េីបបានថា អ៊ុយក្រែនគ្រាន់តែជាជំហានមួយ ក្នុងការធ្វើដំណើរឆ្ពោះទៅទិសខាងលិចប៉ុណ្ណោះ»

ដោយមិនលម្អិតពីលក្ខណៈនៃប្រភពស៉េីបការណ៍សម្ងាត់លោក Kahl ថាមន្ត្រីរុស្ស៊ីកំពុងសម្លឹងមើលការប្រឈមមុខដាក់គ្នាដែលខ្វះការចូលរួមពេញលេញផ្នែកយោធា​ ដែលនឹងសាកល្បងថាតើសហរដ្ឋអាមេរិក ពិតជានៅបំពេញតាមកាតព្វកិច្ចជួយគ្នាទៅវិញទៅមកក្រោមមាត្រា ៥របស់ NATO ឬអត់។

គួរបញ្ជាក់ថា អាល្លឺម៉ង់ ដែលជាប្រទេសផ្តល់អាវុធ និងជំនួយហិរញ្ញវត្ថុធំជាងគេទីពីរសម្រាប់អ៊ុយក្រែនក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានសន្យាថានឹងបង្កើនការគាំទ្របន្ថែមទៀត។ អធិការបតី លោក​ Friedrich Merz សន្យាជួយអ៊ុយក្រែនអភិវឌ្ឍមីស៉ីលថ្មី ដែលអាចវាយប្រហារបានជ្រៅទៅក្នុងទឹកដីរុស្ស៉ី៕