(កៀវ)៖ អាជ្ញាធរនៅអ៊ុយក្រែន នាថ្ងៃអង្គារ ទី១០ ខែមិថុនា បានឱ្យដឹងថា​ រុស្ស៉ីបានបន្តបើកការវាយប្រហារដោយប្រើយន្តហោះដ្រូន មកលើអ៊ុយក្រែនកាលពីវេលាយប់កន្លងទៅ ដោយសម្លាប់មនុស្សយ៉ាងហោច១នាក់ នៅទីក្រុង Odesa ព្រមទាំងបង្កការខូចខាត និងអគ្គិភ័យនៅរដ្ឋធានីកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការវាយប្រហារខាងលើ កើតឡើងក្រោយការវាយប្រហារដោយយន្តហោះដ្រូន ក្នុងចំនួនដ៏ច្រើនបំផុតមួយរបស់រុស្ស៉ីលើអ៊ុយក្រែន កាលពីថ្ងៃចន្ទ។ បើតាមការអះអាងរបស់ទីក្រុងកៀវ នាថ្ងៃអង្គារនេះ រុស្ស៉ីបានប្រើប្រាស់ដ្រូនជាង៣០០គ្រឿង រួមជាមួយមីស៉ីល៧គ្រាប់ ខណៈកាលពីថ្ងៃចន្ទ រុស្ស៉ីបានប្រើដ្រូនរហូតដល់៤៧៩គ្រឿង។ ទីក្រុងមូស្គូបានបង្កើន ការវាយប្រហារតាមផ្លូវអាកាសកាន់តែខ្លាំងដៃថែមទៀត មកលើអ៊ុយក្រែន បន្ទាប់ពីបានព្រមានថា នឹងសងសឹកតបតវិញ សម្រាប់ការឆ្មក់វាយប្រហារដ៏ភ្ញាក់ផ្អើលរបស់អ៊ុយក្រែន ដែលបានបង្កឱ្យយន្តហោះទម្លាក់គ្រាប់បែករុស្ស៉ី រងការខូចខាតអស់ជាច្រើនគ្រឿង។

គួរបញ្ជាក់ថា ទន្ទឹមគ្នា អាជ្ញាធរនៅខាងប្រទេសរុស្ស៉ី បានឱ្យដឹងថា កាលពីវេលាយប់កន្លងទៅ អ៊ុយក្រែនក៏បានប្រើយន្តហោះដ្រូន វាយប្រហារទៅលើរុស្ស៉ីផងដែរ ជាហេតុនាំឱ្យមាន ការផ្អាកជើងហោះហើរជាបណ្តោះអាសន្ន នៅតាមព្រលានយន្តហោះក្នុងរដ្ឋធានីមូស្គូ ព្រមទាំងនៅទីក្រុង St. Petersburg ប៉ុន្តែមិនបានបង្កការបំផ្លិចបំផ្លាញទេ។ ក្រសួងការពារជាតិរុស្ស៉ី បានអះអាងថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួន បានបាញ់កម្ទេចយន្តហោះដ្រូនអ៊ុយក្រែនចំនួន១០២គ្រឿង ខណៈមិនច្បាស់ថា អ៊ុយក្រែនបានបញ្ជូនដ្រូនសរុបប៉ុន្មានគ្រឿងឡើយ៕