(ប៉េកាំង)៖ នៅថ្ងៃអង្គារ ទី១០ ខែមិថុនា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានប្រាប់ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោក Lee Jae-Myung ថាប្រទេសទាំងពីរគួរតែគោរព ផលប្រយោជន៍ស្នូលនិងក្តីកង្វល់ចម្បងៗរបស់គ្នាទៅវិញទៅមក ហើយធានាថា ទំនាក់ទំនងទ្វេភាគីបោះជំហានទៅមុខ នៅលើគន្លងផ្លូវមួយដែលត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍ថា ក្នុងជំនួបតាមទូរសព្ទជាលើកដំបូង ចាប់តាំងពីលោក Lee បានចូលកាន់តំណែងកាលពីសប្តាហ៍មុន លោក Xi បានលើកឡើងថា ទំនាក់ទំនងចិន-កូរ៉េខាងត្បូង ដែលល្អប្រសើរ នឹងនរ ហើយបន្តធ្វើឱ្យកាន់តែស៉ីជម្រៅ គឺជារឿងដែលអំណោយផលសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ក៏ដូចជាទូទាំងពិភពលោក។

លោកប្រធានាធិបតីចិន បានបន្ថែមថា វាជារឿងចាំបាច់ក្នុងការគោរពផលប្រយោជន៍ស្នូល និងក្តីកង្វល់ចម្បងៗរបស់ភាគីម្ខាងៗ ហើយក្តាប់ឱ្យជាប់ នូវទិសដៅទូទៅនៃទំនាក់ទំនងទ្វេភាគី ដើម្បីធានាថា ទំនាក់ទំនងនេះឆ្ពោះទៅមុខ នៅលើគន្លងផ្លូវត្រឹមត្រូវជានិច្ច»។ ជាចុងក្រោយ លោក ស៉ី បានសង្កត់ធ្ងន់ថា ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ នឹងនាំមកនូវ​អត្ថប្រយោជន៍កាន់តែច្រើន សម្រាប់ភាគីទាំងសងខាង ហើយជួយចូលរួមផ្តល់ភាពច្បាស់លាស់ ចំពោះស្ថានការណ៍ក្នុងតំបន់ក៏ដូចជាអន្តរជាតិ ដែលកំពុងតែជួបភាពចលាចល។

គួរបញ្ជាក់ថា ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កូរ៉េខាងត្បូង ខណៈទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ទទួលបានភាពប្រសើរឡើងច្រើន ចាប់តាំងពីបញ្ហាទំនាស់កាលពីឆ្នាំ២០១៧ ជុំវិញការដំឡើងប្រព័ន្ធការពារមីស៉ីលអាមេរិក នៅកូរ៉េខាងត្បូង ដែលទីក្រុងប៉េកាំងប្រកាន់ជំហរជំទាស់៕