(បាងកក)៖ សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានកាលពីថ្ងៃអង្គារ ទី១០ ខែមិថុនា ថា វិធានការបិទច្រកព្រំដែនថៃ-កម្ពុជា អាចនឹងធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មតាមព្រំដែន ដែលមានតម្លៃសរុប ១៧០ពាន់លានបាតក្នុងមួយឆ្នាំ ស្មើប្រមាណ៤៦០០លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation។
ប្រធាន FTI លោក Kriengkrai Thiennukul បានប្រាប់កាសែត Thansettakij ថា វិធានការដែលពាក់ព័ន្ធនឹងការបើក និងបិទច្រកព្រំដែនតាមកាលវិភាគរបស់យោធា នឹងធ្វើឲ្យមានការរំខានដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។ លោកបានកត់សម្គាល់ថា សមាជិកសហព័ន្ធឧស្សាហកម្មថៃ (FTI) មួយចំនួនបានចាប់ផ្តើមទទួលរងផលប៉ះពាល់រួចហើយ ទោះបីជាមិនទាន់អាចវាយតម្លៃទំហំខូចខាតពេញលេញក៏ដោយ។
លោក Kriengkrai បានពន្យល់ថា ពាណិជ្ជកម្មតាមព្រំដែនរវាងថៃ និងកម្ពុជា មានតម្លៃប្រមាណ ១៧០ពាន់លានបាតក្នុងមួយឆ្នាំ ដោយច្រក Aranyaprathet (នៅខាងកម្ពុជាហៅថា ប៉ោយប៉ែត) គ្រប់គ្រងពាណិជ្ជកម្មច្រើនជាងគេ ដែលមានប្រហែល ១១០ពាន់លានបាត ឬ ៦៤%។ លោកបានប៉ាន់ស្មានថា ផលប៉ះពាល់អាចមានតម្លៃប្រហែល ៥០០លានបាតក្នុងមួយថ្ងៃ (១៣.៦លានដុល្លារ) បើគិតលើតម្លៃនាំចេញសរុប ប៉ុន្តែលោកបញ្ជាក់ថា មានតែផ្នែកមួយចំនួនប៉ុណ្ណោះដែលរងផលប៉ះពាល់ផ្ទាល់។
លោក Kriengkrai បានទទួលស្គាល់ថា វិធានការបិទច្រកព្រំដែននេះ បង្កការរំខានដោយជៀសមិនរួច ប៉ុន្តែលោកយល់ថា វាចាំបាច់ដើម្បី «សម្រួលដល់ការចរចានៅតុ»។ លោកបានថ្លែងដូច្នេះថា «យើងសង្ឃឹមថាកិច្ចពិភាក្សានឹងផ្តល់លទ្ធផលល្អ ជាមួយនឹងការយោគយល់គ្នាទៅវិញទៅមក ដែលអនុញ្ញាតឲ្យច្រកព្រំដែនវិលមករកភាពប្រក្រតីឡើងវិញ»។
លោកបានបន្ថែមថា រហូតមកដល់ពេលនេះ ការចរចាមានដំណើរការជាវិជ្ជមាន ហើយជាសំណាងល្អដែលមិនមានការវាយប្រហារ ឬសង្គ្រាមកើតឡើង ដោយសារភាគីទាំងពីរបានដោះស្រាយស្ថានការណ៍មុនពេលវាផ្ទុះឡើងជាភ្លើងសង្គ្រាម។ លោកបានបញ្ជាក់ថា សង្គ្រាមនឹងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភាគីទាំងសងខាង។
គួរបញ្ជាក់ថា FTI មិនទាន់មានវិធានការគាំទ្រសមាជិករបស់ខ្លួននៅឡើយទេ ដោយកំពុងរង់ចាំលទ្ធផលនៃការចរចាដែលកំពុងបន្តរវាងរដ្ឋាភិបាលប្រទេសទាំងពីរ៕