(កៀវ)៖ នៅថ្ងៃពុធ ទី១១ ខែមិថុនា អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា ការវាយប្រហាររបស់រុស្ស៉ី ដោយប្រើយន្តហោះដ្រូនរយៈពេលជិត ១០នាទី មកលើទីក្រុងធំជាងគេទី២របស់អ៊ុយក្រែន គឺទីក្រុង Kharkiv កាលពីវេលាយប់កន្លងទៅ បានធ្វើឱ្យមនុស្សយ៉ាងហោច ២នាក់បាត់បង់ជីវិត និង៥៧នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
អភិបាលក្រុង Kharkiv បាននិយាយថា ការវាយប្រហារតាមអាកាសថ្មីចុងក្រោយរបស់រុស្ស៉ី បានត្រូវចំទីតាំងជាច្រើន រួមមានទាំង អគារស្នាក់នៅ ទីធ្លាក្មេងលេង សហគ្រាស និងសេវាដឹកជញ្ជូនសាធារណៈ។ បើតាមយោធាអ៊ុយក្រែន រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូនសរុប៨៥គ្រឿង ក្នុងនោះ៤០គ្រឿង ត្រូវបានបាញ់ទប់ស្កាត់។
ការវាយប្រហារខាងលើកើតឡើង ក្រោយការវាយប្រហារតាមអាកាសដ៏ធំបំផុត២លើករបស់រុស្ស៉ី មកលើអ៊ុយក្រែននៅក្នុងសប្តាហ៍នេះ ដែលជាផ្នែកមួយនៃសកម្មភាពសងសឹករបស់ទីក្រុងមូស្គូ ចំពោះការឆ្មក់វាយប្រហាររបស់អ៊ុយក្រែន លើក្រុមយន្តហោះទម្លាក់គ្រាប់បែក នៅមូលដ្ឋានទ័ពអាកាសរុស្ស៉ី កាលពីពេលថ្មីៗកន្លងទៅនេះ។
គួរបញ្ជាក់ថា ភាគីទាំង២ សុទ្ធតែបដិសេធដូចគ្នាចំពោះ ការកំណត់គោលដៅលើជនស៉ីវិល នៅក្នុងសង្រ្គាមដែលរុស្ស៉ីជាអ្នកបង្ក កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ទោះជាបែបនេះក្តី ជនស៉ីវិលរាប់ពាន់នាក់បានស្លាប់ ក្នុងជម្លោះដ៏បង្ហូរឈាមនេះ ហើយភាគច្រើនគឺជាប្រជាជនអ៊ុយក្រែន៕