(មូស្គូ)៖ ឯកអគ្គរដ្ឋទូតរុស្ស៉ីថ្មីប្រចាំនៅទីក្រុងវ៉ាស៉ីនតោន បានប្រាប់សារព័ត៌មានរុស្ស៉ី TASS នាថ្ងៃពុធ ទី១១ ខែមិថុនា ថាកិច្ចពិភាក្សាបន្ទាប់រវាងរុស្ស៉ីនិងសហរដ្ឋអាមេរិក ស្តីពីការដោះស្រាយបញ្ហាក្នុងទំនាក់ទំនងទ្វេភាគី នឹងផ្លាស់ពីទីក្រុងអ៉ីស្តង់ប៊ូល ទៅកាន់ទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ឯកអគ្គរដ្ឋទូតរុស្ស៉ី លោក Alexander Darchiev បាននិយាយថា ការស្តារទំនាក់ទំនងរុស្ស៉ី-អាមេរិក នៅត្រូវការពេលវេលាយ៉ាងយូរទៀត ខណៈភាពយឺតយ៉ាវនៃកិច្ចប្រឹងប្រែងនេះ គឺដោយសារតែក្រុមមួយចំនួន ដែលមាននិន្នាការប្រឆាំងរុស្ស៉ី នៅអាមេរិក។ លោក Darchiev បានបន្តថា «ខ្ញុំអាចបញ្ជាក់បានថា កិច្ចពិភាក្សាបន្ទាប់រវាងប្រតិភូរុស្ស៉ី-អាមេរិក នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗ នៅទីក្រុងមូស្គូ»

គួរបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែន បានបង្កជាការប្រឈមមុខដាក់គ្នាដ៏ធំបំផុតរវាងទីក្រុងមូស្គូ និងលោកខាងលិច ចាប់តាំងពីសម័យសង្រ្គាមត្រជាក់។ នៅក្នុងឆ្នាំនេះ ក្រុមមន្រ្តីមកពីប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា២លើក កាលពីថ្ងៃទី២៧ ខែកុម្ភៈ និងថ្ងៃទី១០ ខែមេសា នៅទីក្រុងអ៉ីស្តង់ប៊ូលនៃប្រទេសតួកគីយ៉េ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានជួបគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៨ ខែកុម្ភៈ៕