(តិចសាស់)៖ អភិបាលរដ្ឋ Texas នៃសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអង្គារ ទី១០ ខែមិថុនា បានប្រកាសថា រដ្ឋរបស់លោក នឹងដាក់ពង្រាយកងទ័ពឆ្មាំជាតិរបស់ខ្លួន ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ បន្ទាប់មានបាតុកម្មគ្រោងរៀបចំឡើងនៅក្នុងរដ្ឋ នាសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP
អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានបង្ហោះសារនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «កងកម្លាំងឆ្មាំជាតិ Texas នឹងត្រូវដាក់ពង្រាយទៅកាន់ទីតាំងនានាទូទាំងរដ្ឋ ដើម្បីធានាសន្តិភាពនិងសណ្តាប់ធ្នាប់។ បាតុកម្មដោយសន្តិវិធីគឺស្របច្បាប់ ក៏ប៉ុន្តែការបង្កឱ្យមានគ្រោះថ្នាក់ចំពោះបុគ្គល ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្សេងៗ គឺជាទង្វើខុសច្បាប់ ដែលនឹងនាំទៅរកការចាប់ខ្លួន។ ឆ្មាំជាតិរដ្ឋ Texas នឹងប្រើមធ្យោបាយនិងយុទ្ធសាស្រ្តគ្រប់បែបយ៉ាង ដើម្បីជួយអាជ្ញាធរអនុវត្តច្បាប់ រក្សាសន្តិសុខសណ្តាប់ធ្នាប់»។ យ៉ាងណាមិញ លោក Abbott មិនបានប្រាប់ថា កងកម្លាំងឆ្មាំជាតិចំនួនប៉ុន្មាន នឹងត្រូវដាក់ពង្រាយនោះឡើយ។
ប៉ុន្មានថ្ងៃមកនេះ នៅទីក្រុង Los Angeles (LA) នៃរដ្ឋ California ផ្ទុះបាតុកម្មយ៉ាងកក្រើកបានផ្ទុះឡើង ហើយបានប្រែក្លាយជាអំពើហិង្សាយ៉ាងវឹកវរ រហូតដល់ថ្នាក់មាន ការដាក់ពង្រាយកងទ័ពឆ្មាំជាតិ និងទាហានម៉ារីនសរុបរាប់ពាន់នាក់ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ ហើយបម្រាមគោចរក៏ត្រូវបានដាក់ចេញថែមទៀតផង។ បើតាមប៉ូលិស LA រយៈពេល៤យប់កន្លងមក មនុស្សយ៉ាងហោច៣៧៨នាក់ ត្រូវបានចាប់ខ្លួន។
គួរបញ្ជាក់ថា បាតុកម្មស្រដៀងគ្នា ដែលមានគោលដៅប្រឆាំងអាជ្ញាធអន្តោប្រវេសន៍ និងរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានរាលដាលដល់ទីក្រុងធំៗដទៃទៀត ដូចជា New York, Chicago, Seattle, Denver, San Francisco និង Atlanta ជាដើមផងដែរ។ ហើយនៅក្នុងសប្តាហ៍នេះ បាតុកម្មក្នុងបុព្វហេតុដូចគ្នា ត្រូវបានគ្រោងធ្វើឡើង នៅតាមទីក្រុងក្នុងរដ្ឋ Texas៕