(ឡុងដ៏)៖ ចក្រភពអង់គ្លេស និងប្រទេសចំនួន៤ផ្សេងទៀត បានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីពីររូប នៃគណៈរដ្ឋមន្ត្រីស្តាំនិយម របស់លោកនាយករដ្ឋអ៉ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ដោយចោទប្រកាន់ពួកគេថាបានញុះញង់ម្តងហើយម្តងទៀត ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន នៅតំបន់ West Bank។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ ២០២៥។

រដ្ឋមន្រ្តីទាំងពីរ មានលោក Itamar Ben-Gvir ជារដ្ឋមន្រ្តីសន្តិសុខជាតិ និងលោក Bezalel Smotrich ជារដ្ឋមន្រ្តីហិរញ្ញវត្ថុ។ កាណាដា អូស្ត្រាលី នូវែលសេឡង់ និងន័រវែស បានចូលរួមជាមួយចក្រភពអង់គ្លេស ក្នុងការបង្កកទ្រព្យសម្បត្តិ និងដាក់បម្រាមធ្វើដំណើរ លើរដ្ឋមន្ត្រីអ៉ីស្រាអែលពីររូបនេះ និងជាអ្នកដែលបានតាំងទីលំនៅ នៅឯ West Bank។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ​ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy លេីកឡេីងថា លោក Ben-Gvir និងលោក Smotrich បានញុះញង់ឱ្យមានអំពើហិង្សាជ្រុលនិយម និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស របស់ជនជាតិប៉ាឡេស្ទីន។ សកម្មភាពទាំងនេះ មិនអាចទទួលយកបានឡេីយ ហេតុនេះទេីបយេីងចាត់ វិធានការ។

រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Gideon Saar ចាត់ទុកចំណាត់ការនេះថាគួរឱ្យខឹងសម្បារ ហើយថារដ្ឋាភិបាលអ៉ីស្រាអែល នឹងបើកកិច្ចប្រជុំពិសេសមួយនាដេីមសប្តាហ៍ក្រោយ ដើម្បីសម្រេចឆ្លេីយតបបែបណា។ រីឯរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានទាមទារឱ្យដកទណ្ឌកម្មនោះចេញ។

ថ្មីៗនេះ​ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអង្គការសិទ្ធិមនុស្សប៉ាឡេស្ទីនឈានមុខគេមួយ ក៏ដូចជាក្រុមផ្តល់ជំនួយចំនួន ៥នៅមជ្ឈិមបូព៌ា និងអឺរ៉ុប ដោយចោទប្រកាន់ពួកគេថាបានគាំទ្រពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន រួមទាំងក្រុមហាម៉ាសផងដែរ៕