(ភ្នំពេញ)៖ លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានលើកឡើងថា ប្រទេសកម្ពុជា និងចិនតែងតែប្រឆាំងដាច់ខាតចំពោះរាល់ទង្វើនិងសកម្មភាពណាដែលបំផ្លាញ ឬប៉ះពាល់ដល់សន្តិភាព ហើយធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីប្រទេសជាតិ និងតំបន់ក៏ដូចជាពិភពលោកទាំងមូលមានសន្តិភាព និងការអភិវឌ្ឍដូចគ្នា។

ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកបណ្ឌិតមានប្រសាសន៍ថា ប្រជាជនកម្ពុជាពោរពេញដោយ ភក្តីភាពចំពោះសន្តិភាព តែងលើកបដាជ្រោងទង់សន្តិភាព អរគុណសន្តិភាព និងប្រឆាំងដាច់ខាតចំពោះរាល់ទង្វើនិងសកម្មភាពណា ដែលបំផ្លាញឬប៉ះពាល់ដល់សន្តិភាព។

លោកបណ្ឌិតបញ្ជាក់ថា ៖ «ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាមិនអាចខ្វះបាននូវសន្តិភាពនោះឡើយ។ នៅក្នុងទំនាក់ទំនងដែកថែប ជាមួយកម្ពុជា ចិនតែងគាំទ្រជាប់ជានិច្ចនូវការគោរពអធិបតេយ្យភាព បូរណភាពរបស់កម្ពុជា ព្រមទាំងគាំទ្រកម្ពុជាក្នុង កិច្ចការពារគុណតម្លៃសន្តិភាព ដែលជាគំរូភាពដ៏ល្អសម្រាប់តំបន់និងពិភពលោក។»

លោកបណ្ឌិតបន្ថែមទៀតថា ចាប់តាំងពីបង្កើតសាធារណរដ្ឋប្រជាមានិតចិននាថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ប្រទេសចិនឈរយ៉ាងមុតមាំ ជាមួយសន្តិភាព ហើយតាមរយៈសន្តិភាពនេះហើយដែលរយៈពេល៧៦ឆ្នាំមកនេះ ប្រទេសចិនបានអភិវឌ្ឍឈានឡើងជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោក។ គោលនយោបាយរបស់ប្រទេសចិន គឺជាគោលនយោបាយសន្តិភាពនិយម សង់ស្ពានមេត្រីភាពជាមួយបណ្តាប្រទេសទាំងអស់ នៅក្នុងពិភពលោក ដោយឈរលើទស្សនវិជ្ជារបស់ខ្លួនមានពោរពេញដោយចរន្តពហុភាគីនិយមដើម្បីការពារសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ពិភពលោក។

ថ្នាក់ដឹកនាំចិនគ្រប់ជំនាន់តែងបានប្រកាសយ៉ាងម៉ឹងម៉ាត់ថា សន្តិភាព និងការអភិវឌ្ឍ គឺជាសេចក្តីប្រាថ្នា ដែលត្រូវបានបង្កើតឡើងដោយ មនុស្សជាតិគ្រប់គ្នានៅក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមក។ ប្រទេសចិន ដែលមានប្រជាជនពោរពេញដោយហ្សែនស្នេហាសន្តិភាព តែងបានឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់មនុស្សជាតិ ហើយដាស់តឿនពិភពលោកទទួលយក មេរៀនប្រវត្តិសាស្រ្តដ៏ជូរចត់ និងបន្តឆ្ពោះទៅមុខនៅលើផ្លូវម៉ារ៉ាតុងនៃសន្តិភាព និងការអភិវឌ្ឍ។

ដោយរាប់ចាប់ពីពេលដែលអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើង ហើយប្រទេសចិនគឺជាប្រទេសទី១ ដែលបានចុះហត្ថលេខា លើធម្មនុញ្ញអង្គការសហប្រជាជាតិ រយៈពេល៨០ឆ្នាំមកនេះ ថ្នាក់ដឹកនាំចិន ជាពិសេសលោក Xi Jinping ប្រធានរដ្ឋចិនបានដាក់ចេញនូវប្រាជ្ញាចិននៅក្នុងការថែរក្សាសន្តិភាពសកល នោះគឺ «កិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ» ខ្ញុំឯកភាពនឹងគតិបណ្ឌិតរបស់លោកប្រធានរដ្ឋចិន ហើយយល់ថា ទីណាដែលប្រជាជនចិនទៅដល់ ទីនោះនឹងផ្តល់ជូននូវការអភិវឌ្ឍតាមរយៈកិច្ចខិតខំថែរក្សាសន្តិភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន