(អាមេរិក)៖ កន្លងមក ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកតែងតែតាំងខ្លួនជា «បិតាសេរីភាព បិតាប្រជាធិបតេយ្យ និងបិតាសិទ្ធិមនុស្ស» ដោយបានរិះគន់និងថ្កោលទោសប្រទេសដទៃលើបញ្ហា «រំលោកសិទ្ធិសេរីភាព រំលោភប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស» ជាដើម ហើយបានប្រើបញ្ហាទាំងនេះ ជាមូលហេតុសម្រាប់ដាក់ទណ្ឌកម្មឬបិទខ្ទប់ចំពោះប្រទេសពាក់ព័ន្ធ។
យ៉ាងណាមិញ សហរដ្ឋអាមេរិកដែលជា «បិតាប្រជាធិបតេយ្យ» ពិតជាបានអនុវត្តតាមបែបប្រជាធិបតេយ្យពិតប្រាកដមែនទេ ? ជាឧទាហរណ៍ជាក់ស្តែងមួយ៖ សង្គ្រាមនៅតំបន់ហ្កាហ្សារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ដែលបានអូសបន្លាយអស់ពេល ជាងមួយឆ្នាំមកហើយនោះ បានធ្វើឱ្យប្រជាជនក្នុងតំបន់រងទុក្ខវេទនា មើលមិនឃើញកោះត្រើយនៃសន្តិភាព និងបានបណ្តាលឱ្យមនុស្សជាង ៥ ម៉ឺននាក់ស្លាប់បាត់បង់ជីវិត កុមារជាច្រើនត្រូវក្លាយជាក្មេងកំព្រា មនុស្សរាប់ម៉ឺននាក់រស់ ក្នុងភាពអត់ឃ្លាន ចំណែកឯសម្ភារៈជំនួយមនុស្សធម៌មិនអាចដឹកជញ្ជូនចូលទៅបាន ។ល។ ប៉ុន្តែ ខណៈពេលសហគមន៍អន្តរជាតិ បានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីបញ្ចប់សង្គ្រាម និងស្តារសន្តិភាពនៅតំបន់ហ្កាហ្សាឡើងវិញ អាមេរិកបានបោះឆ្នោតប្រឆាំង បទឈប់បាញ់ម្តងហើយម្តងទៀត ដែលធ្វើឱ្យបទឈប់បាញ់មិនអាចត្រូវបានអនុវត្ត ។ ពិសេស កាលពីថ្ងៃទី ៤ ខែមិថុនាកន្លងទៅ ក្នុងខណៈពេលដែលរដ្ឋអចិន្ត្រៃយ៍ចំនួន ៤ និងរដ្ឋមិនអចិន្ត្រៃយ៍ចំនួន ១០ នៃក្រុមប្រឹក្សាសន្តិសុខអង្គសហប្រជាជាតិ សុទ្ធតែបានបោះឆ្នោះគាំទ្រ សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា សហរដ្ឋអាមេរិកបានប្រើសិទ្ធិវេតូ ដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិត្រូវអសារបង់ ហើយការទន្ទឹងរង់ចាំយ៉ាងអន្ទះសាបំផុត របស់ប្រជាជនហ្កាហ្សាចំពោះសន្តិភាពត្រូវរលាយបាត់សូន្យម្តងទៀត។
នេះឬដែលហៅថា «ប្រជាធិបតេយ្យ»? ការអនុវត្តប្រជាធិបតេយ្យតាមបែបអាមេរិក បានប្រឡាក់ទៅដោយឈាមស្រស់ របស់ប្រជាជនរាប់ម៉ឺននាក់ និងទឹកភ្នែករបស់មនុស្សរាប់មិនអស់នៅតំបន់ហ្កាហ្សា ។ តើប្រជាធិបតេយ្យរបស់អាមេរិក ត្រូវការការបង់តម្លៃជាអាយុជីវិត របស់ប្រជាជនស្លូតត្រង់នៃប្រទេសដទៃច្រើនបែបហ្នឹងមែនទេ?
ជាឧទាហរណ៍មួយទៀត គេនៅចាំយ៉ាងច្បាស់ថា ក្នុងអំឡុងពេលដែលទីក្រុងហុងកុងប្រទេសចិនកើតមានភាពចលាចលកាលពីឆ្នាំ ២០១៩ ដោយសារក្រុមអបគមន៍និយមមួយក្តាប់តូចនៅហុងកុងគប់គិតជាមួយកម្លាំងប្រឆាំងចិននៅខាងក្រៅ ដែលធ្វើឱ្យទីក្រុងទាំងមូលធ្លាក់ចូល ក្នុងសភាពអសន្តិសុខនិងអស្ថិរភាព ហើយរដ្ឋបាលហុងកុងបានចាត់បញ្ជូនកងកម្លាំងប៉ូលិស ទៅការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ មន្ត្រីជាន់ខ្ពស់របស់អាមេរិកបែរជា និយាយតាមបែបអគតិថា ប៉ូលិសហុងកុងបាន «បំបិទសិទ្ធិសេរីភាពនិងសិទ្ធិបញ្ចេញមតិ» របស់ពលរដ្ឋ ។ លើសពីនេះទៅទៀត លោកស្រី Pelosi អតីតប្រធានរដ្ឋសភាអាមេរិកថែមទាំងនិយាយយ៉ាងឈាមត្រជាក់ថា ៖ ភាពចលាចលនៅហុងកុងជា «ទិដ្ឋភាពដ៏ស្រស់ត្រកាល» ។
យើងងាកមកមើលពីបាតុកម្មដែលទើបកើតឡើងនាពេលថ្មីៗនេះនៅឯរដ្ឋ California នៃសហរដ្ឋអាមេរិកវិញ ។ លោក ត្រាំ ប្រធានាធិបតីអាមេរិកបានបញ្ជាឱ្យដាក់ពង្រាយកងកម្លាំងឆ្មាំជាតិនៅរដ្ឋនេះ ទោះបីជាមានការប្រឆាំងពីអភិបាលរដ្ឋ California លោក Gavin Newsom ក្តី ។ កាលពីថ្ងៃទី ៩ ខែមិថុនា ក្រសួងការពារជាតិអាមេរិកបានប្រកាសថា នឹងដាក់ពង្រាយទាហានម៉ារីន ប្រហែល ៧០០នាក់ ទៅកាន់ទីក្រុង LA បន្ទាប់ពីកងកម្លាំងឆ្មាំជាតិ ២០០០ នាក់ ត្រូវបានដាក់ពង្រាយរួច ដើម្បីបង្រ្កាបបាតុកម្មដែលផ្ទុះឡើងហើយប្រែក្លាយទៅអំពើហិង្សា ។ អ្វីដែលគួរឱ្យកត់សម្គាល់ លោក ត្រាំ ចង់ឱ្យមានការចាប់ខ្លួនលោក Gavin Newsom ដែលអះអាងថា ការដាក់ពង្រាយកងកម្លាំងឆ្មាំជាតិវាជា បទបញ្ជាល្មើសច្បាប់អាមេរិកទៀតផង ។ ប្រការនេះបង្ហាញថា «មានតែអញទេដែលជាធំ អ្នកណាប្រឆាំងនឹងត្រូវជាប់ទោស» នេះហើយឬប្រជាធិបតេយ្យបែបអាមេរិក?
ហេតុអ្វីពេលដែលកើតមានសកម្មភាពបាតុកម្មនៅក្នុងប្រទេសខ្លួន រដ្ឋាភិបាលអាមេរិកបានចាត់ទុកជាអំពីហិង្សា ហើយបញ្ជូនកងកម្លាំងទៅបង្ក្រាប ? តែពេលកើតឡើងនៅប្រទេសដទៃ គេបង្ក្រាបភាពវឹកវរដើម្បីស្ថិរភាពសង្គមដូចគ្នា បែរជាអាមេរិកចោទថា «រំលោភសិទ្ធិមនុស្ស» ទៅវិញ ? ការនិយាយយកតែត្រូវខ្លួនឯងបែបនេះឬទើបជា «ប្រជាធិបតេយ្យ» ពិតប្រាកដ ? ជាពិសេស អ្នកនយោបាយអាមេរិកធ្លាប់និយាយថា សកម្មភាពបាតុកម្មនៅហុងកុងជា «ទិដ្ឋភាពដ៏ស្រស់ត្រកាល» មួយ អ៊ីចឹងនៅអាមេរិកវាក៏ដូចគ្នាដែរ ចុះចាំបាច់ទៅបង្ក្រាបវាធ្វើអី ម្តេចមិនទុកសម្រាប់មើលកម្សាន្តអារម្មណ៍ទៅ? មុននឹងនិយាយឆ្ការដៃឆ្ការជើង រិះគន់ឬថ្កោលទោសអ្នកដទៃ គួរពិនិត្យពីការប្រព្រឹត្តរបស់ខ្លួនជាមុនសិន ល្បែងស្តង់ដាពីរគ្មានអ្នកលេងជាមួយនោះឡើយ។
ជារួម ប្រជាជនជាមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យ ហេតុដូច្នេះ ប្រជាធិបតេយ្យត្រូវតម្កល់ប្រជាជនជាស្នូល តម្កល់អាយុជីវិតមនុស្សជាចម្បង តែមិនមែនប្រើប្រជាធិបតេយ្យជាឧបករណ៍នយោបាយ សម្រាប់បម្រើអំណាចអនុត្តរភាពរបស់ខ្លួន នោះឡើយ។ ប្រជាធិបតេយ្យគ្មានស្តង់ដាតែមួយគត់នោះទេ ឱ្យតែមានការគាំទ្រពីប្រជាជនភាគច្រើនលើសលប់ នោះក៏ជាប្រជាធិបតេយ្យពិតប្រាកដ៕
វិទ្យុមិត្តភាពកម្ពុជាចិន