(តូក្យូ)៖ ក្រសួងការពារជាតិជប៉ុន កាលពីថ្ងៃពុធ ទី១១ ខែមិថុនា បាននិយាយថាយន្ដហោះចម្បាំងចិនបានហោះទៅក្បែរយន្ដហោះល្បាតរបស់ជប៉ុន ខុសប្លែកពីធម្មតាកាលពីចុងសប្ដាហ៍កន្លងទៅ ខណៈនាវាផ្ទុកយន្ដហោះចម្បាំងចិន ២គ្រឿង បានធ្វើប្រតិបត្តិការក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមក្រសួងការពារជាតិជប៉ុន កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន យន្ដហោះចម្បាំងចិន J-15 ដែលហោះចេញពីនាវាផ្ទុកយន្ដហោះចម្បាំង Shandong បានហោះតាមយន្ដហោះល្បាត P-3C មួយគ្រឿង របស់ជប៉ុនរយៈពេល ៤០នាទី។ កាលពីថ្ងៃអាទិត្យវិញ យន្ដហោះចម្បាំង J-15 បានហោះតាមយន្ដហោះល្បាត P-3C រយៈពេល៨០នាទី ដោយថែមទាំងហោះកាត់ពីមុខយន្ដហោះល្បាតជប៉ុន ទៀតផង នៅចម្ងាយ ៩០០ម៉ែត្រ។ ក្រសួងការពារជាតិជប៉ុនបន្ថែមថាយន្ដហោះចម្បាំងចិន J-15 កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនោះ បានហោះជិតយន្ដហោះល្បាតជប៉ុននៅចម្ងាយជិតបំផុត ៤៥ម៉ែត្រពីគ្នា ដែលនេះជាការសកម្មភាពខុសប្លែកពីធម្មតា និងអាចបង្កឱ្យមានគ្រោះថ្នាក់បុកគ្នា។

គួរបញ្ជាក់ថា យន្ដហោះល្បាត P-3C ជាកម្មសិទ្ធិរបស់កងកម្លាំងជើងទឹកស្វ័យការពាររបស់ជប៉ុនឈរជើងនៅលើកោះ Okinawa និងបានដឹកនាំប្រតិបត្តិការល្បាតនៅលើដែនទឹកអន្តរជាតិ ក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក៕