(កៀវ)៖ យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានវាយប្រហាររោងចក្រផលិតសារធាតុផ្ទុះរបស់រុស្ស៉ី នៅឯតំបន់ Tambov ភាគខាងលិចប្រទេសរុស្ស៉ី បណ្តាលឱ្យឆាបឆេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ ២០២៥។

យោធាអ៊ុយក្រែនបរិយាយថា រោងចក្រនេះជាផ្នែកមួយដ៏សំខាន់នៃឧស្សាហកម្មយោធារុស្ស៉ី ដោយគូសបញ្ជាក់ថា «​វាជាទីតាំង​ផលិតសារធាតុផ្ទុះ សម្រាប់​​អាវុធ​ធុន​តូចច្រើនប្រភេទ កាំភ្លើងធំ និង​ប្រព័ន្ធ​រ៉ុក្កែត​»

អភិបាលតំបន់ Tambov របស់រុស្ស៉ី លោក Yevgeny Pervyshov បាននិយាយថា កងកម្លាំងរុស្ស៉ី បានវាយបកការវាយប្រហារដោយដ្រូនអ៊ុយក្រែន នៅលើទីក្រុង Kotovsk នៃតំបន់ Tambov ដែលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយនៅរុស្ស៉ី កំណត់ថាវាជាទីតាំងនៃរោងចក្រផលិតសារធាតុផ្ទុះ។ លោកបន្ថែមថា ដ្រូនមួយ​គ្រឿង​ដែល​បាន​ធ្លាក់​នៅទីនោះ​ បណ្តាល​ឱ្យមាន​អគ្គិភ័យប៉ុន្តែគ្មាន​អ្នក​របួស​ទេ ហើយ​ស្ថានការណ៍​ស្ថិត​​ក្រោម​ការ​គ្រប់គ្រង។

យោងតាមរបាយការណ៍ពីវិទ្យាស្ថាន Royal United Services និងមជ្ឈមណ្ឌល Open Source រោងចក្រ Tambov ផលិតសារធាតុផ្ទុះសម្រាប់ដាក់ក្នុងគ្រាប់រំសេវ គ្រាប់កាំភ្លើងធំ ១២២មីលីម៉ែត្រ និង ១៥២មីលីម៉ែត្រ។ យ៉ាងនេះក្តី Reuters មិនអាចផ្ទៀងផ្ទាត់ឧប្បត្តិហេតុនេះ ដោយឯករាជ្យបានទេ៕