(បែរឡាំង)៖ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ DPA នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា បានរាយការណ៍ថា រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ក្នុងសង្រ្គាមទប់ទល់ការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
DPA បានអះអាងថា លោក Pistorius គ្រោងបើកកិច្ចពិភាក្សាជាមួយតំណាងរដ្ឋាភិបាលអ៊ុយក្រែន អំពីការផ្តល់ជំនួយសព្វាវុធបន្ថែមទៀត ពីសំណាក់ទីក្រុងបែរឡាំង។ មុនចាកចេញពីអាល្លឺម៉ង់ លោក Pistorius បាននិយាយថា «យើងកំពុងធ្វើអ្វីគ្រប់យ៉ាងតាមតែអាចទៅរួច ដើម្បីជួយគាំទ្រឱ្យអ៊ុយក្រែនអាចបន្តការពារខ្លួន ហើយស្ថិតនៅលើគោលជំហរមួយ ដែលរុស្ស៉ីត្រៀមលក្ខណៈដើម្បីចូលតុចរចា ដោយភាពប្រាកដប្រជា»។
គួរបញ្ជាក់ថា អាល្លឺម៉ង់ គឺជាអ្នកជួយផ្តល់ការគាំទ្រយោធាធំលំដាប់ទី២ របស់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក។ សម្រាប់អាមេរិក ចាប់តាំងពីលោក ដូណាល់ ត្រាំ ត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំនេះ ការប្តេជ្ញារបស់ទីក្រុងវ៉ាស៉ីនតោន បានស្ថិតក្នុងភាពស្រពេចស្រពិល ជាហេតុដាក់បន្ទុកឱ្យអឺរ៉ុបត្រូវបង្កើនការគាំទ្ររបស់ខ្លួន សម្រាប់ទីក្រុងកៀវ។ កាលពីពេលថ្មីៗនេះ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានផ្តល់ភ្លើងបៃតងឱ្យអ៊ុយក្រែន អាចវាយប្រហាររយៈចម្ងាយឆ្ងាយ ដោយប្រើប្រាស់អាវុធដែលផ្គត់ផ្តង់ដោយអាល្លឺម៉ង់ និងប្រទេសអឺរ៉ុបដទៃទៀត៕