(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី១១ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងស្ម័គ្រចិត្តពន្យារពេលថ្ងៃកំណត់ «៨ កក្កដា» សម្រាប់កិច្ចចរចាពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានា មុនពេលការយកពន្ធគយខ្ពស់របស់អាមេរិក ត្រូវចូលជាធរមាន ប៉ុន្តែរូបលោកមិនជឿថា វានឹងចាំបាច់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការផ្អាកជាបណ្តោះអាសន្នរយៈពេល៩០ថ្ងៃ នៃការអនុវត្តវិធានការពន្ធបដិការរបស់លោក ត្រាំ នឹងផុតកំណត់នៅថ្ងៃទី៨ ខែកក្កដាខាងមុខ ហើយមកទល់នឹងពេលនេះ អាមេរិកសម្រេចបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មតែមួយប៉ុណ្ណោះ គឺជាមួយចក្រភពអង់គ្លេស ខណៈការចរចាជាមួយប្រទេសជាច្រើនដទៃទៀត កំពុងបន្តស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នា។
កាលពីថ្ងៃពុធ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ក៏បានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកផងដែរថា រដ្ឋបាល លោក ត្រាំ អាចនឹងពន្យារថ្ងៃផុតកំណត់ នៃកិច្ចចរចាពាណិជ្ជកម្ម សម្រាប់បណ្តាប្រទេសទាំងឡាយ ដែលកំពុងចរចាដោយសុឆន្ទៈជាមួយអាមេរិក។
គួរបញ្ជាក់ថា លោក ត្រាំ បានប្រកាសការផ្អាកវិធានការពន្ធបដិការរបស់លោក កាលពីថ្ងៃទី៩ ខែមេសា ពោលគឺមួយសប្តាហ៍ ក្រោយបង្ហាញចេញនូវចំណាត់ការយកពន្ធដ៏ចម្រូងចម្រាសទៅលើ ដៃគូពាណិជ្ជកម្មស្ទើរតែទាំងអស់របស់សហរដ្ឋអាមេរិក៕