(ស៉ីដនី)៖ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Richard Marles បានសម្តែងនូវទំនុកចិត្ត ថាកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ AUKUS ជាមួយសហរដ្ឋអាមេរិក នឹងដំណើរការទៅមុខ ហើយរដ្ឋាភិបាលថាអូស្រ្តាលី នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ខណៈរដ្ឋបាល លោក ត្រាំ បើកការត្រួតពិនិត្យជាផ្លូវការ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ ២០២៥។
អូស្ត្រាលី នៅក្នុងឆ្នាំ ២០២៣ បានប្តេជ្ញាចំណាយថវិកា ២៣៩ពាន់លានដុល្លារ ក្នុងរយៈពេល ៣ទសវត្សរ៍លើកិច្ចព្រមព្រៀង AUKUS ដែលជាគម្រោងផ្នែកការពារជាតិដ៏ធំបំផុតមិនធ្លាប់មានជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដើម្បីទទួលបាន និងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ តាមមន្រ្តីមួយរូបនៃមន្ទីរបញ្ចកោណ ពេលនេះរដ្ឋបាលលោក ត្រាំ កំពុងពិនិត្យមើលថា AUKUS ស្របតាមរបៀបវារៈអាទិភាព របស់លោកប្រធានាធិបតីអាមេរិកឬអត់។
នៅក្នុងបទសម្ភាសន៍មួយ លោក Marles និយាយថា AUKUS គឺស្ថិតនៅក្នុងផលប្រយោជន៍ជាយុទ្ធសាស្ត្រនៃប្រទេសទាំង ៣ ហើយការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០២១ ជំនាន់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិក គឺមិនមានអ្វីត្រូវភ្ញាក់ផ្អើលទេ។ លោកបន្ថែមថា «ខ្ញុំមានទំនុកចិត្តខ្លាំង ថាវានឹងកើតឡើង»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ត្រូវបានគេរំពឹងថានឹងជួបគ្នាផ្ទាល់ជាលើកដំបូង ក្នុងសប្តាហ៍ក្រោយ អំឡុងកិច្ចប្រជុំកំពូល G7 នៅប្រទេសកាណាដា៕