(អាំដាបាដ)៖ យ៉ាងហោចណាស់មនុស្ស ៣០នាក់បានស្លាប់ បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលដឹកអ្នកដំណើរ និងសមាជិកយានិកសរុប ២៤២នាក់ ឆ្ពោះទៅកាន់ទីក្រុងឡុងដ៍ បានធ្លាក់ចុះប៉ុន្មាននាទីបន្ទាប់ពីហោះចេញពីទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍នេះ។ អាជ្ញាធរបានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង។ នេះបើយោងតាម Reuters ថ្ងៃទី១២ មិថុនា ២០២៥។

មន្ត្រីប៉ូលិសបានឲ្យដឹងថា យន្តហោះបានធ្លាក់នៅក្នុងតំបន់លំនៅដ្ឋានមួយក្បែរព្រលានយន្តហោះ Ahmedabad។ ចំណែកទូរទស្សន៍ CNN News-18 របស់ឥណ្ឌា បានរាយការណ៍ថា យន្តហោះបានធ្លាក់ចំពីលើអាហារដ្ឋាននៃអន្តេវាសិកដ្ឋានរបស់មហាវិទ្យាល័យវេជ្ជសាស្ត្រ B.J. Medical College បណ្តាលឲ្យនិស្សិតពេទ្យមួយចំនួននៅនឹងដីស្លាប់ផងដែរ។

ក្រុមអ្នកជួយសង្គ្រោះបានបញ្ជាក់ថា សាកសពពី៣០ ទៅ៣៥នាក់ត្រូវបានគេយកចេញពីកន្លែងកើតហេតុ ហើយមនុស្សជាច្រើននាក់ទៀតនៅតែជាប់គាំងនៅក្នុងគំនរបាក់បែក។ ក្នុងចំណោមអ្នកដំណើរនៅលើនោះរួមមានមនុស្សពេញវ័យ ២១៧នាក់ កុមារ ១១នាក់ និងទារក ២នាក់ ដោយក្នុងនោះ ១៦៩នាក់ជាជនជាតិឥណ្ឌា ៥៣នាក់ជាជនជាតិអង់គ្លេស ៧នាក់ជាជនជាតិព័រទុយហ្គាល់ និងម្នាក់ជាជនជាតិកាណាដា។

គួរបញ្ជាក់ថា យន្តហោះដែលធ្លាក់នេះ គឺជាប្រភេទ Boeing 787-8 Dreamliner ដែលបានហោះហើរលើកដំបូងក្នុងឆ្នាំ២០១៣។ នេះគឺជាការធ្លាក់លើកដំបូងដែលបណ្ដាលឲ្យមានមនុស្សស្លាប់សម្រាប់យន្តហោះប្រភេទ Dreamliner ចាប់តាំងពីវាបានចាប់ផ្តើមហោះហើរពាណិជ្ជកម្មក្នុងឆ្នាំ២០១១មក។ ក្រុមហ៊ុន Air India កំពុងប្រមូលព័ត៌មានលម្អិត ខណៈមូលហេតុនៃការធ្លាក់យន្តហោះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតជាបន្ទាន់៕