(ញូវដេលី)៖ នៅមុនសោកនាដកម្មធ្លាក់យន្ដហោះដឹកនាំអ្នកដំណើរកើតឡើងនៅក្នុងប្រទេសឥណ្ឌា សា្វមីភរិយាមួយគូ និងកូន៣នាក់របស់ពួកគេបានថតសែលហ្វីទាំងទឹកមុខ ញញឹមជាមួយក្ដីរំពឹងថាអាចកសាងជីវិតថ្មីនៅលើទឹកដីអង់គ្លេស។ ប៉ុន្តែ ជាអកុសលក្ដីសង្ឃឹមថាត្រូវរលាយបាត់ត្រឹមមួយប៉ព្រិចភ្នែក ក្រោយយន្ដហោះរបស់ពួកគេបានធ្លាក់ក្នុង ទីក្រុង Ahmedabad កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Economic Times។

លោក Pratik Joshi និងភរិយារបស់លោក គឺលោកស្រី Komi Vyas រួមទាំងកូន៣នាក់ បានជិះនៅលើយន្ដហោះអាកាសចរណ៍ Air India មានជើងហោះហើរលេខ AI-171 ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុងឡុងដ៍ ដើម្បីសាងជីវិតថ្មីនៅទីនោះ។ ប៉ុន្មាននាទីក្រោយហោះឡើងបានបន្តិច យន្ដហោះនេះបានធ្លាក់លើតំបន់ទីប្រជុំជនមួយក្នុងទីក្រុង Ahmedabad ដោយផ្ដាច់យកជីវិតសមាជិកគ្រួសារទាំង ៥នាក់នេះ។ លោក Pratik Joshi ដែលជាវេជ្ជបណ្ឌិតម្នាក់បានរស់នៅក្នុងទីក្រុងឡុងដ៍ អស់រយៈពេល៦ឆ្នាំមកហើយ។ ចំណែក ភរិយារបស់លោកដែលជាវេជ្ជបណ្ឌិតម្នាក់មកពីមន្ទីរពេទ្យ Pacific Hospital ក្នុងទីក្រុង Udaipur ដែរនោះបានលាលែងចេញពីតំណែង តែ២ថ្ងៃប៉ុណ្ណោះមុននឹង ត្រូវចេញដំណើរទៅចក្រភពអង់គ្លេស ដើម្បីរស់នៅជួបជុំគ្នាជាមួយប្ដី និងកូន។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរឥណ្ឌា មនុស្សម្នាក់បានរស់រានមានជីវិត និង២៤១នាក់ផ្សេងទៀត បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះដឹកអ្នកដំណើរនៅក្នុងប្រទេស ឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕