(វ៉ាស៊ីនតោន)៖ អ៉ីស្រាអែល នៅថ្ងៃទី១៣ ខែមិថុនា បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើទីតាំងយោធា និងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ដោយបង្កឱ្យមានការភ័យខ្លាចពីហានិភ័យ នៃការផ្ទុះសង្រ្គាមនៅក្នុងតំបន់ទាំងមូល។ យោធាអ៉ីស្រាអែលបាននិយាយថាបានប្រើប្រាស់យន្ដហោះចម្បាំង២០០គ្រឿង នៅក្នុងការប្រតិបត្តិការវាយប្រហារលើគោលដៅច្រើន១០០ នៅទូទាំង ប្រទេសអ៉ីរ៉ង់។ ចំណែក អ៉ីរ៉ង់វិញបានចាប់ផ្ដើមសងសឹកដោយបាញ់ដ្រូនជាង១០០គ្រឿងតម្រង់ទៅកាន់អ៉ីស្រាអែល។ នៅចំពោះមុខការបារម្ភពីហានិភ័យផ្ទុះសង្រ្គាម តើអ៉ីស្រាអែល និងអ៉ីរ៉ង់ មានសមត្ថភាពយោធាអ្វីខ្លះ?

* ចំនួនកងទ័ព

របាយការណ៍តុល្យភាពយោធាឆ្នាំ២០២៣ (Military Balance 2023) ចេញផ្សាយដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ ឬហៅកាត់ថា IISS មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឱ្យដឹងដូចខាងក្រោម៖

អ៉ីរ៉ង់មានកងទ័ពសកម្ម ៦១០ ០០០នាក់ ក្នុងនោះមាន ៣៥០ ០០០នាក់ជាកងទ័ពជើងគោក ១៩០ ០០០នាក់ជាកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ១៨០០០នាក់ជាកងទ័ពជើងទឹក ៣៧០០០នាក់ ជាកងទ័ពអាកាស និង១៥០០០នាក់ ជាកងទ័ពទទួលបន្ទុកការពារដែនអាកាស។ អ៉ីរ៉ង់មានកងទ័ពបម្រុង ៣៥០ ០០០នាក់ និងអនុវត្តកាតព្វកិច្ចយោធាលើពលរដ្ឋអ៉ីរ៉ង់ជាបុរសមានអាយុ ១៨ឆ្នាំ ឡើងទៅ។ អ៉ីស្រាអែល មានកងទ័ពសកម្ម ១៦៩ ៥០០នាក់ ក្នុងនោះរួមមាន ១២៦ ០០០នាក់ជាកងទ័ពជើងគោក ៩៥០០នាក់ជាកងទ័ពជើងទឹក និង៣៤ ០០០នាក់ ជាកងទ័ពអាកាស។ អ៉ីស្រាអែលមានកងទ័ពបម្រុង ៤៦៥ ០០០នាក់ និងអនុវត្តកតាព្វកិច្ចយោធាលើបុរស និងស្ត្រីមានអាយុ១៨ឆ្នាំឡើងទៅ។

* កញ្ចប់ថវិកាយោធា

តាមការសិក្សាស្រាវជ្រាវមួយចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល (SIPRI) កាលពីខែមេសា ឆ្នាំ២០២៤ អ៉ីរ៉ង់បានចំណាយលើវិស័យយោធា ១០.៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ កើនឡើង ០.៦ភាគរយធៀបទៅនឹងឆ្នាំ២០២២។ អ៉ីស្រាអែលបានចំណាយលើកញ្ចប់ថវិកាយោធា ២៧.៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ កើនឡើង ២៤ភាគរយធៀបទៅនឹង ឆ្នាំ២០២២ ដោយសារតែការវាយប្រហាររបស់ហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

* សព្វាវុធ

តាមរបាយការណ៍ Military Balance 2023 អ៉ីរ៉ង់មានរថក្រោះប្រយុទ្ធ ១០ ៥១៣គ្រឿង កាំភ្លើងធំជាង ៦៧៩៨ដើម និងរថពាសដែកដឹកកងទ័ព ៦៤០គ្រឿង។ កងទ័ពអ៉ីរ៉ង់ក៏មានឧទ្ធម្ភាគចក្រ ៥០គ្រឿងផងដែរ ខណៈឆ្មាំបដិវត្តន៍អ៉ីរ៉ង់មានឧទ្ធម្ភាគចក្រ ៥គ្រឿង។ អ៉ីស្រាអែលមានរថក្រោះប្រយុទ្ធ ៤០០គ្រឿង កាំភ្លើងធំ ៥៣០ដើម និងរថពាសដែកដឹកកងទ័ព ១១៩០គ្រឿង។

និយាយពីកងទ័ពអាកាស អ៉ីរ៉ង់មានយន្ដហោះចម្បាំង ៣១២គ្រឿង ហើយឆ្មាំបដិវត្តន៍មាន ២៣គ្រឿងផ្សេងទៀត។ កងទ័ពអាកាសអ៉ីរ៉ង់ មានឧទ្ធម្ភាគចក្រប្រយុទ្ធ ២គ្រឿង កងទ័ពមាន៥០គ្រឿង និងឆ្មាំបដិវត្តន៍មាន ៥គ្រឿង។ អ៉ីស្រាអែលមានយន្ដហោះចម្បាំង ៣៤៥គ្រឿង និងឧទ្ធម្ភាគចក្រប្រយុទ្ធ ៤៣គ្រឿង។ កងទ័ពជើងទឹកអ៉ីរ៉ង់ មាននាវាមុជទឹក ១៧គ្រឿង នាវាល្បាត និងទូកប្រយុទ្ធ ៦៨គ្រឿង នាវាដឹកស​ម្រាប់ឧទ្ធម្ភាគចក្រចុះចត ១២គ្រឿង នាវាដឹកកងទ័ព និងអាវុធ១១គ្រឿង នាវាគាំទ្រភស្តុភារ និងបរិក្ខាគាំទ្រ ១៨គ្រឿង។ អ៉ីស្រាអែលមាននាវាមុជទឹក ៥គ្រឿង និងនាវាប្រយុទ្ធ និងល្បាត ៤៩គ្រឿង។

* ប្រព័ន្ធការពារដែនអាកាស

របាយការណ៍ Military Balance 2023 បានឱ្យដឹងថាអ៉ីស្រាអែលមានប្រព័ន្ធការពារដែនអាកាសទំនើបៗ ដូចជា Iron Dome David’s Sling និង Arrow System។ Iron Dome មានសមត្ថភាពបាញ់កម្ទេចមីស៊ីល និងគ្រាប់រ៉ុក្កែតនៅរយៈចម្ងាយ ៤ ទៅ៧០គីឡូម៉ែត្រ រីឯ David’s Sling អាចស្ទាក់បាញ់កម្ទេចគោលដៅនៅរយៈចម្ងាយពី៤០ ទៅ ៣០០គីឡូម៉ែត្រ ហើយ Arrow System អាចស្ទាក់ចាប់មីស៊ីលនៅរយៈចម្ងាយ ២៤០០គីឡូម៉ែត្រ។ អ៉ីរ៉ង់វិញ កាលពីខែកុម្ភៈកន្លងទៅ បានដាក់ពង្រាយប្រព័ន្ធខែលប្រឆាំងមីស៊ីល Azarakhsh។ អ៉ីរ៉ង់ក៏មានប្រព័ន្ធ ការពារដែនអាកាសមួយចំនួនទៀតដែរ ដូចជា ប្រព័ន្ធខែលប្រឆាំងមីស៊ីល S-200, S-300 ផលិតដោយរុស្ស៉ី និងប្រព័ន្ធការពារដែនអាកាសក្នុងស្រុក Bavar-373 US MIM-23 Hawk HQ-2J Khordad-15 ព្រមទាំង CH-SA-4 របស់ចិន និង 9K331 Tor-M1។

* មីស៊ីលបាលិស្ទីគ

បើតាមគម្រោង Missile Defense Project របស់មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សអន្តរជាតិ (CSIS) មានមូលដ្ឋាននៅសហរដ្ឋអាមេរិក អ៉ីរ៉ង់មានមីស៊ីលបាលិស្ទីគយ៉ាងហោច ១២ប្រភេទផ្សេងៗគ្នា ទាំងរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយ។ ក្នុងនោះមានចាប់ពីមីស៊ីល Tondar 69 អាចបាញ់បានក្នុងរយៈចម្ងាយ ១៥០គីឡូម៉ែត្រ រហូតដល់មីស៊ីលបាលិស្ទីគ Khorramshahr និង Sejjil ដែលបានបាញ់ចម្ងាយ ២០០០គីឡូម៉ែត្រ។ អ៉ីស្រាអែល មានមីស៊ីល៤ប្រភេទផ្សេងគ្នា ទាំងរយៈចម្ងាយខ្លី មធ្យម និងរយៈចម្ងាយឆ្ងាយ ដូចជាមីស៊ីល LORA អាចបាញ់បានរយៈចម្ងាយ ២៨០គីឡូម៉ែត្រ និងមីស៊ីល Jericho-3 បាញ់បានរយៈចម្ងាយចន្លោះពី ៤៨០០ ដល់៦៥០០គីឡូម៉ែត្រ។

* អាវុធនុយក្លេអ៊ែរ

អ៉ីស្រាអែលត្រូវបានវាយតម្លៃថាមានអាវុធនុយក្លេអ៊ែរ ៩០គ្រាប់។ នេះបើតាម Arms Control Association មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ អ៉ីរ៉ង់ត្រូវបានគេជឿជាក់ថាមិនទាន់មានអាវុធ នុយក្លេអ៊ែរឡើយ តែមានសមត្ថភាព និងសារធាតុអ៊ុយរ៉ាញ៉ូមគ្រប់គ្រាន់ដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរ៕