(វ៉ាស៊ីនតោន)៖ អ៉ីស្រាអែល នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៉ីរ៉ង់។ លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu ថែមទាំងបានប្រកាសទៀតផងថាប្រតិបត្តិការយោធាប្រឆាំងអ៉ីរ៉ង់នឹងបន្តធ្វើឡើង រហូតទាល់តែអ៉ីស្រាអែលមានអារម្មណ៍ថាអាចលុបបំបាត់ចោលការគំរាមកំហែងពីអ៉ីរ៉ង់។ ដូច្នេះថាតើ ការវាយប្រហាររបស់អ៉ីស្រាអែលមានន័យយ៉ាងណាចំពោះអនាគតកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់?

ការវាយតម្លៃភាគច្រើន បានសន្មត់ថាការវាយប្រហារដែលធ្វើឡើងដោយអ៉ីស្រាអែលតែម្នាក់ឯង អាចធ្វើបង្អាក់ភាពរីកចម្រើននៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់រយៈពេលច្រើនខែ ហើយការវាយប្រហារណាមួយ ធ្វើឡើងដោយសហរដ្ឋអាមេរិកអាចបង្អាក់ភាពរីកចម្រើននៃកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់រយៈពេល១ឆ្នាំ។ ប៉ុន្តែ ក្នុងរយៈពេលទាំងនេះ អ៉ីរ៉ង់ក៏អាចចាប់ផ្ដើមស្ដារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញផងដែរ ហើយនេះមិនទាន់រាប់បញ្ចូលការពន្យារពេលណាមួយដែលអាចនឹងកើតឡើងដោយកត្តាសេដ្ឋកិច្ច ឬនយោបាយនោះឡើយ។ ម្យ៉ាងវិញទៀត ការវាយតម្លៃទាំងនេះទៀតសោតមិនបានរាប់បញ្ចូលពី ផលប៉ះពាល់នៃសមត្ថភាពកំញើញសត្រូវ ឬលទ្ធភាពនៃការវាយប្រហារជាសាថ្មីនោះទេ។

ក៏ប៉ុន្តែ អ្វីដែលអាចទៅរួច នោះគឺការវាយប្រហាររបស់អ៉ីស្រាអែលនៅថ្ងៃនេះ អាចនឹងជំរុញឱ្យអ៉ីរ៉ង់កាន់តែចង់បានអាវុធនុយក្លេអ៊ែរខ្លាំងជាងពេលណាទាំងអស់។ បើដូច្នេះមែន នោះលោក ត្រាំ អាចនឹងត្រូវ ប្រឈមមុខនឹងការសម្រេចចិត្តមួយថាតើសហរដ្ឋអាមេរិកត្រូវធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ ដើម្បីរារាំងកុំឱ្យអ៉ីរ៉ង់ផលិតបានអាវុធនុយក្លេអ៊ែរដែរឬក៏យ៉ាងណា? ការសម្រេចចិត្តបែបនេះអាចនឹងធ្វើឱ្យមាន ការខ្វែងគំនិតគ្នានៅក្នុងចំណោមទីប្រឹក្សារបស់លោក និងជាការដើរផ្ទុយពីនយោបាយរបស់លោក ដោយសារតែលោក ត្រាំ បានអះអាងជាយូរណាស់មកហើយពីការប្ដេជ្ញាចិត្តយកសហរដ្ឋអាមេរិក ឱ្យចេញឆ្ងាយពីសង្រ្គាមនៅមជ្ឈិមបូព៌ា។

* តើអ៉ីរ៉ង់អាចនឹងវាយប្រហារលើកងទ័ពអាមេរិកក្នុងតំបន់ឬ?

ថាតើអ៉ីរ៉ង់អាចនឹងវាយប្រហារលើកងទ័ពអាមេរិក ក្នុងតំបន់មជ្ឈិមបូព៌ាដែរឬក៏អត់? គឺវាអាស្រ័យលើការបញ្ជូនពីសហរដ្ឋអាមេរិក។ លោក ត្រាំ បានបញ្ជាក់ច្បាស់ៗថាទីក្រុងវ៉ាស៊ីនតោនមិនបានចូលរួម ក្នុងការប្រតិបត្តិការយោធារបស់អ៉ីស្រាអែលនោះទេ តែបានព្រមានអ៉ីរ៉ង់កុំឱ្យវាយប្រហារលើកងទ័ពអាមេរិក។ នៅទីនេះ ប្រសិនបើមេដឹកនាំអ៉ីរ៉ង់យល់ថាបើបង្ខំឱ្យសហរដ្ឋអាមេរិក ឬបណ្ដាប្រទេសដទៃក្នុងតំបន់ លូកដៃចូលជួយអ៉ីស្រាអែល អាចធ្វើឱ្យអ៉ីរ៉ង់ត្រូវប្រឈមមុខនឹងការវាយប្រហារដោយផ្ទាល់ពីសហរដ្ឋអាមេរិក ឬប្រទេសផ្សេងទៀតក្នុងតំបន់ដែលនឹងបន្ថែមការខូចខាតលើការខូចខាតដែលមានស្រាប់ ដោយសារតែការវាយប្រហារពីអ៉ីស្រាអែល នោះតេហេរ៉ង់អាចនឹងរឹតត្បិតលើការសងសឹករបស់ខ្លួនប្រឆាំងនឹងអ៉ីស្រាអែល។ អ៉ីរ៉ង់អាចនឹងកាត់បន្ថយកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលអាតូមិក IAEA​ ហើយនឹងព្យាយាមស្ដារឡើងវិញ ក៏ដូចជាធ្វើឱ្យយ៉ាងណាឱ្យរោងចក្រនុយក្លេអ៊ែរនៅសេសសល់របស់ខ្លួនមានសុវត្ថិភាពពីការវាយប្រហារ។ អ៉ីរ៉ង់អាចនឹងជ្រើសរើសមិនវាយប្រហារលើតួអង្គផ្សេងទៀត ដោយផ្តោតតែលើអ៉ីស្រាអែល ដើម្បីឱ្យពួកគេនៅឯឆ្ងាយពីជម្លោះរវាងខ្លួន និងអ៉ីស្រាអែល៕