(ឌូបៃ)៖ ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើគោលដៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រ បានបង្កឲ្យមានភាពវឹកវរក្នុងវិស័យអាកាសចរណ៍សកលភ្លាមៗ ដោយប្រទេសជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ាបានប្រកាសបិទដែនអាកាស ហើយក្រុមហ៊ុនអាកាសចរណ៍បានបង្ខំចិត្តលុបចោល ឬបង្វែរជើងហោះហើររាប់ពាន់។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥។
ភ្លាមៗបន្ទាប់ពីអ៊ីស្រាអែលអះអាងពីការវាយប្រហារ ដែនអាកាសនៃប្រទេសអ៊ីស្រាអែល អ៊ីរ៉ង់ អ៊ីរ៉ាក់ និងហ្ស៊កដានី ត្រូវបានបិទ។ ក្រុមហ៊ុនអាកាសចរណ៍ធំៗទូទាំងពិភពលោក រួមមាន Lufthansa, Emirates, Air France KLM និង Air India បានប្រកាសផ្អាក ឬបង្វែរជើងហោះហើររបស់ពួកគេចេញពីតំបន់ដែលមានជម្លោះនេះ ដើម្បីធានាសុវត្ថិភាព។
យោងតាម Eurocontrol ដែលជាអង្គការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសអឺរ៉ុប ជើងហោះហើរប្រហែល ១,៨០០ ដែលទៅ និងមកពីអឺរ៉ុប ត្រូវបានរងផលប៉ះពាល់មកទល់ពេលនេះនៅថ្ងៃសុក្រ ដោយក្នុងនោះប្រមាណ ៦៥០ជើង ត្រូវបានលុបចោល។ ហេតុការណ៍នេះ ក៏បានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបធ្លាក់ចុះផងដែរ។
ការរំខានដ៏ធំនេះ ប៉ះពាល់យ៉ាងខ្លាំងដល់ផ្លូវហោះហើរអន្តរជាតិ ដោយសារតែតំបន់មជ្ឈិមបូព៌ា ជាពិសេសដែនអាកាសអ៊ីរ៉ាក់ភាគខាងកើត បានក្លាយជាច្រករបៀងដ៏សំខាន់សម្រាប់ជើងហោះហើររវាងអឺរ៉ុប និងអាស៊ី បន្ទាប់ពីដែនអាកាសរុស្ស៊ី និងអ៊ុយក្រែនត្រូវបានបិទដោយសារសង្គ្រាម។
គួរបញ្ជាក់ថា អ៉ីស្រាអែល នៅថ្ងៃសុក្រនេះ បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ លើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ រោងចក្រមីស៊ីលបាលិស្ទីគ និងមេបញ្ជាការយោធា រួមទាំងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៉ីរ៉ង់ផងដែរ។ តាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ លោក Hossein Salami ដែលជាអគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលលើ ទីស្នាក់ការកណ្ដាលរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក្នុងរដ្ឋធានីតេហេរ៉ង់ ខណៈជនស៊ីវិលជាច្រើននាក់ ក្នុងនោះរួមមានទាំងកុមារ ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើតំបន់ទីប្រជុំមួយក្នុងរដ្ឋធានីតេហេរ៉ង់។
យ៉ាងណាមិញ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei មានសុវត្ថិភាពធម្មតា ហើយបានគំរាមថា អ៉ីស្រាអែលនឹងត្រូវទទួលរងផលវិបាកធ្ងន់ធ្ងរ សម្រាប់ការវាយប្រហារលើអ៉ីរ៉ង់៕