(វ៉ាស៊ីនតោន)៖ បន្ទាប់ពីប្រទេសអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើគោលដៅនុយក្លេអ៊ែរ និងយោធានៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខអះអាងថា ភាគីអ៊ីរ៉ង់ខ្លួនឯងជាអ្នកបង្កឲ្យមានការវាយប្រហារនេះឡើង។ លោកបានបញ្ជាក់ថា មូលហេតុគឺដោយសារតែអ៊ីរ៉ង់បានបដិសេធមិនព្រមទទួលយកឱសានវាទដែលសហរដ្ឋអាមេរិកបានដាក់ចេញនៅក្នុងកិច្ចចរចា សំដៅកម្រិតកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥។
នៅក្នុងកិច្ចសម្ភាសន៍ដែលត្រូវបានថតទុកជាមួយអ្នកសារព័ត៌មាន ABC ហើយត្រូវបានបង្ហោះនៅលើបណ្តាញសង្គម X លោក ត្រាំ បានថ្លែងថា «ខ្ញុំគិតថាវាល្អឥតខ្ចោះ។ យើងបានផ្តល់ឱកាសឲ្យពួកគេ ហើយពួកគេមិនបានចាប់យកវា... ពួកគេត្រូវបានវាយប្រហារយ៉ាងខ្លាំងក្លាបំផុត។ ហើយអាចនឹងមានច្រើនជាងនេះទៀត...»។
លើសពីនេះទៅទៀត លោក ត្រាំ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social របស់លោកផ្ទាល់ ដោយសរសេរថា «ពីរខែមុន ខ្ញុំបានផ្តល់ឱសានវាទរយៈពេល ៦០ថ្ងៃដល់អ៊ីរ៉ង់ឲ្យធ្វើកិច្ចព្រមព្រៀង។ ពួកគេគួរតែបានធ្វើវា! ថ្ងៃនេះគឺជាថ្ងៃទី៦១... ឥឡូវនេះ ពួកគេប្រហែលជាមានឱកាសទីពីរហើយ!»។
ទោះបីជាមានការថ្លែងបែបនេះពីសំណាក់លោក ត្រាំ ក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបានចេញមុខបញ្ជាក់ជាផ្លូវការថា សហរដ្ឋអាមេរិកមិនបានចូលរួមនៅក្នុងប្រតិបត្តិការវាយប្រហាររបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់នោះទេ។
គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានផ្តោតលើទីតាំងនុយក្លេអ៊ែរ រោងចក្រផលិតមីស៊ីល និងបានបណ្តាលឲ្យមេបញ្ជាការយោធាអ៊ីរ៉ង់មួយចំនួនធំស្លាប់។ ភាគីអ៊ីរ៉ង់បានសន្យាថានឹងមានការឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះសកម្មភាពនេះ ខណៈដែលអ៊ីស្រាអែលបានអះអាងថា ប្រតិបត្តិការនេះអាចនឹងអូសបន្លាយពេល ដើម្បីរារាំងទីក្រុងតេអេរ៉ង់ពីការផលិតអាវុធបរមាណូ។ ព្រឹត្តិការណ៍នេះបានបង្កឲ្យមានក្តីព្រួយបារម្ភជាខ្លាំងដល់សហគមន៍អន្តរជាតិ និងធ្វើឲ្យតម្លៃប្រេងឆៅកើនឡើងផងដែរ៕