(កៀវ)៖ ប្រទេសអ៊ុយក្រែនបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនបានទទួលសាកសពទាហានអ៊ុយក្រែនចំនួន ១,២០០នាក់ ដែលបានស្លាប់នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីផ្លាស់ប្តូរទាំងអ្នកទោសសង្គ្រាម និងអ្នកដែលបានស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥។

គណៈកម្មាធិការសម្របសម្រួលការផ្លាស់ប្តូរអ្នកទោស បានប្រកាសនៅលើបណ្តាញ Telegram ថា៖ «យោងតាមភាគីរុស្ស៊ី សាកសពទាំងនោះជាកម្មសិទ្ធិរបស់ពលរដ្ឋអ៊ុយក្រែន រួមទាំងបុគ្គលិកយោធាផងដែរ» ដោយបន្ថែមថា អ្នកជំនាញនឹងធ្វើការធ្វើតេស្តដើម្បីកំណត់អត្តសញ្ញាណ។ គណៈកម្មាធិការនេះបានបញ្ចេញរូបភាពមនុស្សស្លៀកពាក់ឈុតការពារពណ៌ស ដែលមានស្លាកសញ្ញារបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នៅទីតាំងមិនបញ្ចេញឈ្មោះមួយ កំពុងឈរ និងដើរនៅជិតទូរថភ្លើង។

កាលពីដើមសប្តាហ៍នេះ អ៊ុយក្រែនក៏បានទទួលសាកសពទាហានរបស់ខ្លួនចំនួន ១,២១២នាក់ផ្សេងទៀត ដែលបានស្លាប់នៅក្នុងសង្គ្រាម ដែលបានចាប់ផ្តើមឡើងជាមួយនឹងការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២។

គួរបញ្ជាក់ថា ទីក្រុងកៀវ និងទីក្រុងម៉ូស្គូ បានព្រមព្រៀងគ្នាប្រគល់សាកសពរហូតដល់ ៦,០០០នាក់ក្នុងម្នាក់ៗ និងផ្លាស់ប្តូរអ្នកទោសសង្គ្រាមដែលឈឺ និងរងរបួសធ្ងន់ធ្ងរ ព្រមទាំងអ្នកដែលមានអាយុក្រោម ២៥ឆ្នាំ។ អ៊ុយក្រែន និងរុស្ស៊ីបានធ្វើការផ្លាស់ប្តូរអ្នកទោសសង្គ្រាមចំនួនបីលើកក្នុងសប្តាហ៍នេះ ប៉ុន្តែមិនបានបញ្ចេញតួលេខពិតប្រាកដនោះទេ៕