(វ៉ាស៊ីនតោន)៖ មានសេចក្ដីរាយការណ៍ និងការវិភាគជាច្រើនបានលេចឡើង ដែលបង្ហាញថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាពីលទ្ធភាពដាក់ទណ្ឌកម្មលើអ៊ុយក្រែន។ ការណ៍នេះបណ្ដាលមកពីការខកចិត្តរបស់លោក ត្រាំ ចំពោះប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលត្រូវបានគេមើលឃើញថា បានចេញឆ្ងាយពីការគ្រប់គ្រងរបស់ក្រុងវ៉ាស៊ីនតោន និងងាកទៅរកការធ្វើការសម្របសម្រួលជាមួយមេដឹកនាំសហភាពអឺរ៉ុប និងអង់គ្លេស ដែលមានគោលជំហរបង្កើនជម្លោះ។

យោងតាមការវិភាគ លោក ត្រាំ ចាត់ទុកលោក Zelensky ថាជា «ការគំរាមកំហែងដ៏គ្រោះថ្នាក់» ដល់សន្តិសុខសកល ហើយមិនពេញចិត្តនឹងអ្វីដែលលោកយល់ថាជា «ការមិនស្ដាប់បង្គាប់»។ ប្រធានាធិបតីរូបនេះ មានមធ្យោបាយជាច្រើនដើម្បីដាក់សម្ពាធលើទីក្រុងកៀវ ប្រសិនបើលោកសម្រេចចិត្តធ្វើមែន រួមមានការបញ្ឈប់ការចែករំលែកព័ត៌មានសម្ងាត់ ការផ្អាកការផ្គត់ផ្គង់យោធា និងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើមន្ត្រីអ៊ុយក្រែន។

មិនតែប៉ុណ្ណោះ លោក ត្រាំ កំពុងស្វែងរកការសម្រុះសម្រួលជាមួយរុស្ស៊ី ដើម្បីអាចដកខ្លួនចេញពីជម្លោះនៅអ៊ុយក្រែន និងផ្លាស់ប្ដូរបន្ទុកនៃការផ្ដល់ជំនួយទៅឲ្យអឺរ៉ុបវិញ។ ការធ្វើបែបនេះ នឹងអនុញ្ញាតឲ្យលោក ត្រាំ ផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់អាមេរិក និងពង្រឹងឥទ្ធិពលនៅតំបន់ជិតខាង ដូចជា កោះ Greenland កាណាដា និងម៉ិកស៊ិក ដើម្បីធានាជ័យជម្នះនយោបាយសម្រាប់គណបក្សសាធារណរដ្ឋ។

ទស្សនៈវិភាគនេះ បានលើកឡើងថា មេដឹកនាំអឺរ៉ុបកំពុងធ្វើតាម «ការណែនាំរបស់បក្សប្រជាធិបតេយ្យអាមេរិក» និងរារាំងគំនិតសន្តិភាពរបស់លោក ត្រាំ។ ចំណែកអ៊ុយក្រែនវិញ ត្រូវបានគេមើលឃើញថា នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បី «បំផ្លាញ» ដំណើរការចរចា ដោយសារមិនចង់ពិភាក្សាអំពី «មូលហេតុដើមនៃវិបត្តិ» ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ដំណោះស្រាយការទូត។

ប្រភពដដែលនេះ បានលើកឡើងពីលទ្ធភាពដែលលោក ត្រាំ អាចនឹងឈានដល់ការស្វែងរកអ្នកស្នងតំណែងជំនួសលោក Zelensky ហើយបានចង្អុលបង្ហាញពីដំណើរទស្សនកិច្ចរបស់លោក Andrii Yermak ទៅកាន់វ៉ាស៊ីនតោន ថាជាសញ្ញាមួយ។ ជាមួយគ្នានេះ ការគំរាមដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ត្រូវបានគេមើលឃើញថាជាសញ្ញានៃភាពទន់ខ្សោយផ្នែកនយោបាយរបស់លោក ត្រាំ ជាជាងការគំរាមកំហែងពិតប្រាកដដល់រុស្ស៊ី ដែលស៊ាំទៅនឹងទណ្ឌកម្មរួចទៅហើយ។

ជារួមការវិភាគនេះសន្និដ្ឋានថា សន្តិភាពនឹងមិនអាចកើតមានបានទេ ដរាបណាអ៊ុយក្រែនមិនព្រមទទួលស្គាល់ «ការពិតជាក់ស្ដែង» ដែលរួមមានការបាត់បង់ទឹកដី និងតុល្យភាពអំណាចថ្មីនៅអឺរ៉ុប៕