(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់ បានផ្អាកផលិតកម្មមួយផ្នែកនៅឯរោងចក្រឧស្ម័ន South Pars ដែលជាតំបន់ឧស្ម័នធំបំផុតរបស់ពិភពលោក បន្ទាប់ពីការវាយប្រហារមួយដែលគេជឿថាធ្វើឡើងដោយអ៊ីស្រាអែល បានបណ្តាលឲ្យមានអគ្គិភ័យនៅទីនោះកាលពីថ្ងៃសៅរ៍។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Tasnim និងចុះផ្សាយបន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim អគ្គិភ័យបានឆាបឆេះនៅដំណាក់កាលទី ១៤ នៃរោងចក្រ ដែលនាំឲ្យមានការខាតបង់ផលិតកម្មឧស្ម័ន ១២ លានម៉ែត្រគូប។ ហេតុការណ៍នេះ កើតឡើងក្រោយពេលអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដែលបានធ្វើឲ្យតម្លៃប្រេងឆៅពិភពលោកកើនឡើង ៩% រួចទៅហើយ។
ប្រសិនបើត្រូវបានបញ្ជាក់ថាជាការវាយប្រហារដោយអ៊ីស្រាអែលមែននោះ នេះនឹងជាការវាយប្រហារលើកដំបូងរបស់អ៊ីស្រាអែលលើវិស័យប្រេង និងឧស្ម័នរបស់អ៊ីរ៉ង់ និងជាការកើនឡើងកម្តៅដ៏សំខាន់មួយនៅក្នុងជម្លោះ។
គួរបញ្ជាក់ថា តំបន់ឧស្ម័ន South Pars មានទីតាំងនៅឈូងសមុទ្រពែក ហើយទទួលខុសត្រូវលើផលិតកម្មឧស្ម័នភាគច្រើនបំផុតរបស់អ៊ីរ៉ង់ ដែលជាប្រទេសផលិតឧស្ម័នធំជាងគេទីបីរបស់ពិភពលោក។ អ៊ីរ៉ង់បានចែករំលែកតំបន់ឧស្ម័ននេះជាមួយប្រទេសកាតា ដែលហៅផ្នែករបស់ខ្លួនថា North Field ហើយជាអ្នកផ្គត់ផ្គង់ឧស្ម័នរាវ (LNG) ដ៏ធំមួយទៅកាន់អឺរ៉ុប និងអាស៊ី។
ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់របស់អ៊ីរ៉ង់ អាចនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារថាមពលសកល និងបង្កើនភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាឲ្យកាន់តែធ្ងន់ធ្ងរថែមទៀត៕