(បាដាដ)៖ ប្រទេសអ៉ីរ៉ាក់ បានអំពាវនាវទុកជាមុនឱ្យសហរដ្ឋអាមេរិក រារាំងយន្តហោះចម្បាំងអ៉ីស្រាអែល ពីការរំលោភលើដែនអាកាសអ៉ីរ៉ាក់ ករណីមានការអនុវត្តការវាយប្រហារណាមួយប្រឆាំងនឹងអ៉ីរ៉ង់ ដោយលើកឡើងពីកិច្ចព្រមព្រៀងទ្វេភាគី និងច្បាប់អន្តរជាតិ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ ២០២៥។
កាលពីថ្ងៃសុក្រ ទីក្រុងបាដាដ បានដាក់ ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ (UN) ជុំវិញការណ៍ដែរអ៉ីស្រាអែលប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីអនុវត្តការវាយប្រហារអ៉ីរ៉ង់។
អ៉ីស្រាអែលបានវាយលុកអ៉ីរ៉ង់ សម្រាប់ថ្ងៃទីពីរនៅថ្ងៃសៅរ៍ហើយនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu និយាយថា យុទ្ធនាការរបស់ខ្លួននឹងកាន់តែខ្លាំងក្លា ហេីយគេនឹងបានឃេីញយន្តហោះកងទ័ពអាកាសអ៉ីស្រាអែល ពីលេីមេឃនៃទីក្រុងតេហេរ៉ង់។
អ្នកនាំពាក្យយោធាអ៉ីរ៉ាក់ លោក Sabah al-Numan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «រដ្ឋាភិបាលអ៉ីរ៉ាក់ ជំរុញឱ្យសហរដ្ឋអាមេរិករក្សាទំនួលខុសត្រូវរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ និងរារាំងយន្តហោះចម្បាំងដែលជាកម្មសិទ្ធិរបស់អ៉ីស្រាអែល ពីការរំលោភលើដែនអាកាសអ៉ីរ៉ាក់ជាថ្មី»។
គួរបញ្ជាក់ថា រដ្ឋាភិបាលនៅទីក្រុងបាកដាដ គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ទីក្រុងតេហេរ៉ង់ ប៉ុន្តែក៏ជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលមានកងទ័ពឈរជេីងផងដែរ៕