(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍លោកបានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាស្តីពីភាពតានតឹងនៅមជ្ឈិមបូព៌ា និងកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ហើយមេដឹកនាំទាំងពីរបានឯកភាពគ្នាថា «សង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នេះ គួរតែបញ្ចប់»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Xinhua នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកយ៉ាងដូច្នេះថា​​ «គាត់ (លោក ពូទីន) មានអារម្មណ៍ដូចខ្ញុំដែរថា សង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នេះ គួរតែបញ្ចប់» ដោយបន្ថែមថា លោក ពូទីន ស្គាល់អ៊ីរ៉ង់ «ច្បាស់ណាស់»។​

ប្រធានាធិបតីអាមេរិករូបនេះបានបន្តថា លោកក៏បានពន្យល់ប្រធានាធិបតីរុស្ស៊ីផងដែរថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន «ក៏គួរតែបញ្ចប់ដែរ» ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរសព្ទ័ ដែលមានរយៈពេលមួយម៉ោងនោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍​​ គឺជាថ្ងៃខួបកំណើតគម្រប់ ៧៩ឆ្នាំរបស់លោក ត្រាំ​ ហើយលោក ពូទីន ក៏បានជូនពរថ្ងៃខួបកំណើតដល់លោក ត្រាំ​ ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទនោះផងដែរ៕