(ហ្សេរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃសៅរ៍ បានផ្ញើសារជូនពរថ្ងៃខួបកំណើតប្រកបដោយភាពកក់ក្តៅទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយបានលើកសរសើរលោកថាជាសម្ព័ន្ធមិត្តដ៏រឹងមាំ ខណៈដែលអ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កន្លងមក មានសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មានអ៊ីស្រាអែល អំពីភាពរកាំរកូសរវាងមេដឹកនាំទាំងពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោក ណេតាន់យ៉ាហ៊ូ បានគំរាមវាយប្រហារអ៊ីរ៉ង់ ទោះបីជាសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកិច្ចចរចាជាមួយទីក្រុងតេអេរ៉ង់ ដើម្បីធានាឲ្យមានការកម្រិតលើកម្មវិធីនុយក្លេអ៊ែរក៏ដោយ។
ទោះជាយ៉ាងណា ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំកាលពីថ្ងៃសុក្រ លោក ត្រាំ បានថ្លែងថា ការវាយប្រហារទាំងនោះ «ល្អឥតខ្ចោះ» និង «ជោគជ័យយ៉ាងខ្លាំង»។ លោក ណេតាន់យ៉ាហ៊ូ បានឆ្លើយតបកាលពីថ្ងៃសៅរ៍ ដោយបានលើកសរសើរមេដឹកនាំអាមេរិករូបនេះយ៉ាងខ្លាំង។
លោក ណេតាន់យ៉ាហ៊ូ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រីករាយថ្ងៃខួបកំណើត លោកប្រធានាធិបតី ដូណាល់ ជេ ត្រាំ។ លោកគឺជាមេដឹកនាំដ៏អស្ចារ្យម្នាក់ ដែលមានការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ ក្លាហាន ជាមួយនឹងចក្ខុវិស័យ និងសកម្មភាពច្បាស់លាស់។ លោកបានធ្វើរឿងដ៏អស្ចារ្យជាច្រើនសម្រាប់អ៊ីស្រាអែល»។
ខណៈដែលយន្តហោះចម្បាំងអ៊ីស្រាអែល កំពុងវាយប្រហារទីតាំងដែលពាក់ព័ន្ធនឹងកម្មវិធីបរមាណូរបស់អ៊ីរ៉ង់ លោក ណេតាន់យ៉ាហ៊ូ បានពណ៌នាប្រតិបត្តិការនេះថាជាផ្នែកមួយនៃការតស៊ូដ៏ទូលំទូលាយរវាងសង្គមសេរី និង «របបឧក្រិដ្ឋនៅអ៊ីរ៉ង់» ដែលព្យាយាមនាំចេញអំពើហិង្សានៅទូទាំងពិភពលោក។ លោក ណេតាន់យ៉ាហ៊ូ ថែមទាំងចាត់ទុកអ្វីដែលអ៊ីស្រាអែលកំពុងធ្វើ គឺដើម្បីចម្ចាត់សត្រូវរួមរបស់អាមេរិកផងដែរ។
អ៊ីរ៉ង់បានបដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់របស់បស្ចិមប្រទេសថា ខ្លួនបានព្យាយាមដោយសម្ងាត់ដើម្បីអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានសមគំនិតនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងសប្តាហ៍នេះ ដែលជាអ្វីមួយដែលទីក្រុងវ៉ាស៊ីនតោនបានច្រានចោល។
លោក ណេតាន់យ៉ាហ៊ូ ក៏បានពង្រីកការអបអរសាទរខួបកំណើតដល់យោធាសហរដ្ឋអាមេរិកក្នុងខួបលើកទី២៥០របស់ខ្លួន ដោយហៅកងទ័ពអាមេរិកថាជា «អ្នកការពារសេរីភាពអស់រយៈពេលពីររយហាសិបឆ្នាំមកហើយ»៕