(តេអេរ៉ង់)៖ ភាពតានតឹងនៅមជ្ឈិមបូព៌ា បានកើនឡើងខ្ពស់មួយកម្រិតទៀត នៅល្ងាចថ្ងៃអាទិត្យនេះ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះជាច្រើន បានអង្រួនរដ្ឋធានីតេអេរ៉ង់ ដែលត្រូវបានគេជឿជាក់ថា ជាការវាយឆ្មក់តាមផ្លូវអាកាសរបស់អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ និងប្រភពព័ត៌មានអារ៉ាប់ដូចជា Al-Arabiya និង Al-Jazeera នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

ស្របពេលជាមួយគ្នានេះ យោធាអ៊ីស្រាអែលបានប្រកាសថា រលកថ្មីនៃមីស៊ីលបាលីស្ទិកពីសំណាក់អ៊ីរ៉ង់ បានបង្កឲ្យមានសំឡេងស៊ីរ៉ែនបន្លឺឡើងយ៉ាងទ្រហឹងអឺងកងនៅទូទាំងប្រទេសអ៊ីស្រាអែល ជាពិសេសតម្រង់ទៅកាន់ទីក្រុង Tel Aviv ដែលបណ្តាលឲ្យប្រជាជនរាប់លាននាក់រត់រកទីជម្រក។

សេចក្តីរាយការណ៍ពីទីក្រុងតេអេរ៉ង់បានពិពណ៌នាអំពីសំឡេងផ្ទុះដ៏ខ្លាំងក្លាជាច្រើន ដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចដល់ប្រជាពលរដ្ឋ។ ទោះបីជាមិនទាន់មានការអះអាងទទួលខុសត្រូវជាផ្លូវការភ្លាមៗពីសំណាក់អ៊ីស្រាអ៊ែលក៏ដោយ ព្រឹត្តិការណ៍នេះកើតឡើងបន្ទាប់ពីយោធាអ៊ីស្រាអែលបានចេញសេចក្តីព្រមានឲ្យប្រជាជនអ៊ីរ៉ង់ដែលរស់នៅក្បែរទីតាំងផលិតអាវុធ និងទីតាំងយុទ្ធសាស្ត្រនានា ធ្វើការជម្លៀសខ្លួន។

ទន្ទឹមនឹងនេះ នៅប្រទេសអ៊ីស្រាអែល សំឡេងស៊ីរ៉ែនបានបន្លឺឡើងមិនឈប់ បង្ខំឲ្យប្រជាពលរដ្ឋស្វែងរកទីសុវត្ថិភាពជាបន្ទាន់។ យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនកំពុងដំណើរការយ៉ាងសកម្ម ដើម្បីស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីអ៊ីរ៉ង់។

គួរបញ្ជាក់ថា ជាមួយនឹងការវាយប្រហារគ្នាទៅវិញទៅមកដែលមិនមានសញ្ញាថមថយ និងការគំរាមកំហែងកាន់តែខ្លាំងពីមេដឹកនាំទាំងសងខាង ពិភពលោកកំពុងតាមដានដោយក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះហានិភ័យនៃសង្គ្រាមទ្រង់ទ្រាយធំ ដែលអាចនឹងផ្ទុះឡើងនៅមជ្ឈិមបូព៌ា៕