(ប៉ារីស)៖ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមិថុនា អំឡុងទស្សនកិច្ចនៅកោះ Greenland ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា រុស្ស៉ីខ្វះភាពជឿទុកចិត្តបាន ដើម្បីដើរតួនាទីជា អ្នកសម្រុះសម្រួលវិបត្តិរវាងអ៉ីស្រាអែលនិងអ៉ីរ៉ង់ ដូចដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន ABC News កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកស្វាគមន៍ឱ្យ លោក ពូទីន ដែលបានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន ហើយថែមទាំងបានបដិសេធកិច្ចប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការស្វែងរកបទឈប់បាញ់ជាមួយទីក្រុងកៀវនោះ ជួយសម្រុះសម្រួលជម្លោះរវាងអ៉ីស្រាអែលនិងអ៉ីរ៉ង់។ លោក Macron បាននិយាយថា លោកមិនទទួលយកគំនិតនេះឡើយ។
លោក Macron បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ខ្ញុំមិនជឿថា រុស្ស៉ីដែលឥឡូវកំពុងធ្វើសង្រ្គាមដ៏ក្តៅគគុកមួយ ហើយបានជ្រើសរើសមិនគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ប៉ុន្មានឆ្នាំមកហើយនោះ អាចដើរតួនាទីជាអន្តរការីបានឡើយ»។ លោក Macron បានបន្ថែមទៀតថា បារាំងមិនបានចូលរួមពាក់ព័ន្ធ ក្នុងការវាយប្រហារណាមួយរបស់អ៉ីស្រាអែល ប្រឆាំងនឹងអ៉ីរ៉ង់នោះទេ។
គួរបញ្ជាក់ថា អ៉ីស្រាអែលកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៉ីរ៉ង់ ក្នុងគោលបំណងដែលក្រុមមន្ត្រីអ៉ីស្រាអែលអះអាងថា ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ បន្ទាប់ពីចារកម្មអ៉ីស្រាអែលអះអាងថា តេហេរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមគ្រប់គ្រាន់ ដើម្បីផលិតអាវុធនុយក្លេអ៊ែរ។ ជាការសងសឹក អ៉ីរ៉ង់បានបាញ់មីស៉ីលនិងដ្រូនរាប់រយ ទៅលើអ៉ីស្រាអែលវិញ។ ជារឿយៗ អ៉ីរ៉ង់បានអះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិល និងមិនមានមហិច្ឆតា ផលិតអាវុធនុយក្លេអ៊ែរនោះទេ បើទោះជាអ៉ីស្រាអែល និងលោកខាងលិចសង្ស័យថា អ៉ីរ៉ង់កំពុងលួចលាក់អភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ ក៏ដោយ៕