(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា មិនបានច្រានចោលផែនការសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei នោះទេ ហើយថែមទាំងនិយាយទៀតផងថាវានឹងនាំទៅរកការបិទបញ្ចប់ជម្លោះរវាងគូសត្រូវសួពូជទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងបទសម្ភាសន៍មានរយៈពេល២០នាទី ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក ABC News លោក Netanyahu បានទទូចថាការវាយប្រហាររបស់អ៉ីស្រាអែលលើអ៉ីរ៉ង់ គឺជម្រើស ដ៏ត្រឹមត្រូវ និងបានហៅលោក Khamenei ជាហ៊ីត្លែរសម័យទំនើប។ ប៉ុន្តែ នៅពេលត្រូវបានសាកសួរពីសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដែលថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំទាស់នឹងផែនការសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ ដោយបារម្ភខ្លាចថាវានឹងបង្កើនជម្លោះកាន់តែធំរវាងអ៉ីរ៉ង់ និងអ៉ីស្រាអែល លោក Netanyahu បានច្រាលចោល ការព្រួយបារម្ភបែបនេះ។ «វានឹងមិនធ្វើឱ្យជម្លោះកើនឡើងនោះទេ ផ្ទុយទៅវិញជម្លោះនឹងត្រូវបិទបញ្ចប់»។ នេះជាការគូសបញ្ជាក់របស់លោក Netanyahu ដោយបន្ថែមថាសង្រ្គាម ជារៀងរហូតគឺជាអ្វីដែលអ៉ីរ៉ង់ចង់បាន ហើយពួកគេកំពុងនាំពួកយើងទៅកាន់មាត់ជ្រោះនៃសង្រ្គាមនុយក្លេអ៊ែរ និងពិតណាស់អ៉ីស្រាអែលកំពុងរារាំងកុំឱ្យរឿងបែបនេះកើតឡើង។
គួរបញ្ជាក់ថា លោក Netanyahu មិនបានបង្ហើបថាតើអ៉ីស្រាអែលកំពុងព្យាយាមកំណត់គោលដៅវាយប្រហារលើលោក Ayatollah Ali Khamenei ឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែនិយាយថា «យើងកំពុងធ្វើអ្វីដែលយើងត្រូវធ្វើ»៕