(ណានជីង)​៖ ព្រឹកថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ២០២៥ ក្នុងពេលទស្សនកិច្ចនៅទីភ្នាក់ងារបោះពុម្ពផ្សាយអក្សរសាស្រ្ត និងសិល្បៈ PHOENIX ខេត្តជាំងស៊ូ​ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា​ បានចាប់អារម្មណ៍ពីសៀវភៅ ចំនួន២ក្បាល​ (១-វចនានុក្រមចំណេះដឹងវប្បធម៌ចិន​ និង២-អរិយធម៌១០០០០ឆ្នាំគជ់របស់ចិន) ដែលនឹងផ្តល់ធាតុចូលកាន់តែប្រសេីរ ដល់ប្រជាជនកម្ពុជាយល់ដឹងពីអរិយធម៌របស់ប្រទេសចិន។

ក្នុងពេលក្រុមការងារឧទ្ទេសនាមពីឯកសារអរិយធម៌ចិន​ទាំងពីរក្បាលនេះ​ លោក Zhang Chaoyang អគ្គនាយកទីភ្នាក់ងារបោះពុម្ពផ្សាយ អក្សរសាស្រ្តនិងសិល្បៈ PHOENIX ខេត្តជាំងស៊ូ​ បានផ្តល់នូវសំណេីជូន ដល់សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន ក្នុងការពិចារណាបកប្រែជាខេមរភាសា​ ដេីម្បីជាមូលដ្ឋានកាន់តែស៊ីជម្រៅពី អរិយធម៌ចិន​ ហេីយទីភ្នាក់ងារបោះពុម្ពផ្សាយអក្សរសាស្រ្ត និងសិល្បៈ PHOENIX ខេត្តជាំងស៊ូ​ នឹងរួមចំណែកយ៉ាងសកម្ម ជាមួយសមាគមក្នុងការលេីកកម្ពស់អំណាននៅកម្ពុជា។ លោកអគ្គនាយកក៏បានបញ្ជាក់ថា​ បច្ចុប្បន្ន​សៀវភៅ​ «វចនានុក្រមចំណេះដឹងវប្បធម៌ចិន​» ត្រូវបានបកប្រែជាភាសាអង់គ្លេស​ បារាំង​ ប៉ូឡូញ​ ម៉ុងហ្គោលី​ និងអារ៉ាប់។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានគាំទ្រនឹងគំនិតផ្តួចផ្តេីមនេះ​ ដោយលោកបានបញ្ជាក់ថា​ ជាងពេលណាៗទាំងអស់ក្នុង ប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន​ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ បានតម្លេីងទំនាក់ទនងមិត្តភាពដែកថែប​ និងជាកល្យាណមិត្តក្នុងកិច្ចកសាង សហគមន៍ជោគវាសនាកម្ពុជា-ចិន​ គ្រប់រដូវកាល​ ក្នុងយុគសម័យថ្មី​ ថែមទៀតផង។ តាមរយ:ទម្រដ៏រឹងមាំនេះ​ ការបកប្រែឯកសារវប្បធម៌ចិនមកជាខេមរភាសាកាន់តែពង្រីក ពន្លឺរស្មីនៃទំនាក់ទំនងជាប្រពៃណីកម្ពុជា-ចិន​ និងពន្លាតភាពរឹងមាំកាន់តែខ្លាំងនៃមិត្តភាពដែកថែបបន្ត ទៅកាន់យុវវ័យនិងកុមារតជំនាន់។

គួរបញ្ជាក់ផងដែរថា ក្នុងរយ:ពេល២ទសវត្សរ៍មកនេះ​ លោកបណ្ឌិតបានបោះផ្សាយ​ និងបានដឹកនាំការបកប្រែជាខេមរភាសា នូវសៀវភៅជាច្រេីនរបស់ប្រទេសចិន​ដូចជា​ ទស្សនវិជា្ជចិន​ អរិយធម៌ចិន​ ប្រាជ្ញាចិន​ គតិបណ្ឌិតបស់លោក​ Xi Jinping ហេីយលោកបណ្ឌិតក៏ជាវាគ្មិន ប្រកបដោយការយល់ដឹងយ៉ាងទូលំទូលាយពីចិនសាស្ត្រ​។  បន្ថែម​ពីលេីនេះ​ លោកបណ្ឌិតក៏ជា អ្នកសម្របសម្រួលការអនុវត្តគម្រោងជាច្រេីន ក្នុងប្រទេសកម្ពុជានៃបណ្តាសង្គមស៊ីវិលរបស់ប្រទេសចិនថែមទៀតផង៕

វិទ្យុមិត្តភាពកម្ពុជាចិន