(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃពុធនេះ បានបដិសេធយ៉ាងដាច់អហង្ការ​ ចំពោះការទាមទាររបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឲ្យអ៊ីរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ» ខណៈដែលប្រជាជនរាប់ពាន់នាក់កំពុងភៀសខ្លួនចេញពីរដ្ឋធានីតេអេរ៉ង់ ដើម្បីគេចពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលកាន់តែខ្លាំងក្លាឡើង។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters។

យោធាអ៊ីស្រាអែលបានបន្តការវាយប្រហារទ្រង់ទ្រាយធំលើគោលដៅនានាក្នុងទីក្រុងតេអេរ៉ង់ពេញមួយយប់ ដោយបានព្រមានប្រជាជនឲ្យចាកចេញពីតំបន់មួយចំនួន ដែលនាំឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើផ្លូវចេញពីរដ្ឋធានី។ ជាការឆ្លើយតប អ៊ីរ៉ង់បានបន្តបាញ់មីស៊ីលមកលើអ៊ីស្រាអែល បង្កឲ្យមានសំឡេងស៊ីរ៉ែនបន្លឺឡើង និងបង្ខំឲ្យប្រជាជនអ៊ីស្រាអែលចូលទៅក្នុងទីជម្រក។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Khamenei បានព្រមានសហរដ្ឋអាមេរិកពី «ការខូចខាតដែលមិនអាចជួសជុលបាន» ប្រសិនបើមានការធ្វើអន្តរាគមន៍ណាមួយ ហើយបានអះអាងថា «ប្រជាជាតិអ៊ីរ៉ង់នឹងមិនចុះចាញ់ឡើយ»។ ជំហរនេះ គឺផ្ទុយពីការទាមទារដ៏តឹងរ៉ឹងរបស់លោក ត្រាំ។ ការប្រឈមមុខដាក់គ្នានេះ បានជំរុញឲ្យក្រសួងការបរទេសរុស្ស៊ីព្រមានថា ពិភពលោកគឺ «នៅឆ្ងាយពីគ្រោះមហន្តរាយត្រឹមតែប៉ុន្មានមីលីម៉ែត្រប៉ុណ្ណោះ»។

គួរបញ្ជាក់ថា ជាមួយនឹងការបដិសេធមិនព្រមចុះញ៉មពីសំណាក់មេដឹកនាំទាំងសងខាង និងសកម្មភាពយោធាដែលកំពុងតែខ្លាំងឡើងដោយមិនឈប់ឈរ ហានិភ័យនៃសង្គ្រាមទ្រង់ទ្រាយធំនៅមជ្ឈិមបូព៌ា កំពុងតែកើនឡើងដល់កម្រិតដ៏គួរឲ្យព្រួយបារម្ភបំផុត៕