(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា បានថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែលដែលបង្កទៅជាជម្លោះជាមួយអ៉ីរ៉ង់ និងបានព្រមានសហរដ្ឋអាមេរិក រួមទាំងមហាអំណាចអឺរ៉ុប ប្រឆាំងនឹងការដុតបញ្ឆេះភ្លើងសង្រ្គាម។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA តាមរយៈការដងស្រង់សម្ដីពីអ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសកូរ៉េខាងជើង បានឱ្យដឹងថាកូរ៉េខាងជើងបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការវាយប្រហារ របស់អ៉ីស្រាអែល និងថ្កោលទោសយ៉ាងម៉ឺងម៉ាត់។ អ្នកនាំពាក្យរូបនេះដដែលបានបន្ថែមថាការសម្លាប់ជនស៊ីវិលពីសំណាក់អ៉ីស្រាអែល គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិមួយដែលមិនអាចលើកលែងឱ្យបាន។
គួរបញ្ជាក់ថា អ៉ីស្រាអែលកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៉ីរ៉ង់ ដោយអះអាងថាដើម្បីទប់ស្កាត់កុំឱ្យអ៉ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ។ សង្រ្គាមផ្លូវអាកាសរវាង ប្រទេសទាំង២ បានឈានចូលដល់ថ្ងៃទី៧ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។ អ៉ីរ៉ង់ដែលតែងតែអះអាងថាខ្លួនគ្មានមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរ បាននិយាយថាមានមនុស្សយ៉ាងហោច ២២៤នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល ក្នុងនោះរួមមានទាំងមេបញ្ជាការយោធា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិល។ ចំណែក អ៉ីស្រាអែលវិញបានឱ្យដឹងថាមនុស្សយ៉ាងហោច ២៤នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីរ៉ង់៕