(បាងកក)៖ មនុស្សចំនួន ១៣នាក់ ត្រូវបានចាប់ខ្លួន ដោយសង្ស័យពីការបើកដំណើរការទីតាំងឆបោកអនឡាញ នៅឯជាយក្រុងបាងកក នៃប្រទេសថៃ។ នេះបើតាមគេហទំព័រប៉ូលិសសហព័ន្ធអូស្ត្រាលី។

ប្រតិបត្តិការបង្រ្កាបខាងលើ បានធ្វើឡើងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ក្នុងចំណោមជនស្ស័យទាំង ១៣នាក់ មានជនជាតិអូស្រ្តាលី ៥នាក់ អង់គ្លស ៦នាក់ កាណាដាម្នាក់ និងអាហ្វ្រិកខាងត្បូងម្នាក់។

ពួកគេត្រូវបានចោទប្រកាន់ថា ជាបណ្តាញនៃក្រុមឧក្រិដ្ឋកម្មឆបោកក្រោមរូបភាពវិនិយោគ ដែលមានជនរងគ្រោះជាច្រើននាក់ នៅក្នុងប្រទេសអូស្ត្រាលី ចាប់តាំងពីគម្រោងអចលនទ្រព្យលំនៅដ្ឋានមួយលេចឡើង នៅទីក្រុងបាងកក ក្នុងខែមេសា ឆ្នាំ ២០២៥។ វត្ថុតាងដែលបានរកឃើញ បង្ហាញថាមានអ្នកចាញ់បោកអស់ប្រហែលជាង ១.៩លានដុល្លារ រយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ។

ជនសង្ស័យត្រូវ​ចោទ​ប្រកាន់ពីបទសម​គំនិត ​ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើស ​ដែលផ្ទុយ​នឹង​មាត្រា ២១០នៃ​ក្រម​ព្រហ្មទណ្ឌ​ថៃ។ បទល្មើសនេះ អាចជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ៕