(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានលុបសារបង្ហោះលើគណនី Instagram និងលុបចោលកិច្ចប្រជុំជាមួយក្រុមទីប្រឹក្សារបស់លោកស្រី ដែលត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand។

សារនៅលើ Instagram story លោកស្រី Paetongtarn បានសរសេរជាភាសាអង់គ្លេស មានន័យថា «មនុស្សមិនបន្លំធ្វើជាបាក់ទឹកចិត្តទេ បើពួកគេបន្លំ គឺបន្លំថាមិនអី។ សូមទាំងអស់គ្នាយល់ និងមានអធ្យាស្រ័យចំពោះគ្នា»។ សារនេះត្រូវបានលោកស្រី​បង្ហោះ នៅ​វេលា​ម៉ោង ​៨​និង ​១៥​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ មុនពេលលុបចោល។ ទន្ទឹមនោះ ក៏មានសេចក្តីរាយការណ៍ដែរថា នៅព្រហស្បតិ៍នេះ លោកស្រីបានលុបចោល កិច្ចប្រជុំជាមួយក្រុមទីប្រឹក្សារបស់លោកស្រី នៅឯ Phitsanulok Mansion ហើយបន្តបំពេញភារកិច្ចនៅវិមានរដ្ឋាភិបាល។

គួរបញ្ជាក់ថា តាមការចេញផ្សាយដោយសារព័ត៌មាន Laotian Times លោកស្រី Paetongtarn កំពុងប្រឈមមុខនឹងសម្ពាធពីសាធារណៈជនថៃ ដែលទាមទារឱ្យលោកស្រីលាលែងចេញពីតំណែង បន្ទាប់ពីការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃពុធ ទី១៨ ខែមិថុនា ដែលបានក្លាយជាប្រធានដ៏បទក្តៅគគុក និងកំពុងបង្កជាព្យុះភ្លៀងនយោបាយនៅក្នុងប្រទេសថៃ នៅចំពោះមុខការសង្ស័យចំពោះវិធីសាស្រ្តដោះស្រាយបញ្ហាវិវាទព្រំដែនថៃ-កម្ពុជារបស់លោកស្រី៕