(បាងកក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា នាយករដ្ឋមន្រ្តីនៃប្រទេសថៃ លោកស្រី Paetongtarn Shinawatra បានធ្វើការសុំអភ័យទោសសម្រាប់សំឡេងកិច្ចសន្ទនាទូរស័ព្ទ ដែលត្រូវបាន បែកធ្លាយ ហើយលោកស្រីបានធានាចំពោះយោធាថៃនូវកិច្ចសហប្រតិបត្តិការរបស់លោកស្រី លើបញ្ហាសន្តិសុខជាតិ។
លោកស្រី Paetongtarn Shinawatra កំពុងរងសម្ពាធទាមទារឱ្យចុះចេញពីតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាតាមរទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ លើសពីនេះទៅទៀត រដ្ឋាភិបាលចម្រុះរបស់លោកស្រី កំពុងប្រឈមមុខនឹងការដួលរលំផងដែរ ក្រោយគណបក្ស Bhumjaithai ប្រកាសដកខ្លួនចេញពីក្រុមចម្រុះ។ ប៉ុន្តែថាតើកតា្តអ្វីទៅដែល អាចសម្រេចពីជោគវាសនារបស់លោកស្រី Paetongtarn?
លោក Michael Montesano ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន ISEAS-Yusof Ishak Institute មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរីបានប្រាប់សារព័ត៌មាន CNA ថាក្នុងពេលនេះអ្វីដែលគេរង់ចាំមើល នោះគឺ ការសម្រេចចិត្តរបស់គណបក្សជាដៃគូសេសសល់ក្នុងរដ្ឋាភិបាលចម្រុះ ក្រោយគណបក្ស Bhumjaithai ប្រកាសដើរចេញពីក្រុមចម្រុះ។ ប៉ុន្តែ អ្វីដែលសំខាន់ នោះគឺថាតើគណបក្សជាដៃគូ ក្នុងរដ្ឋាភិបាលចម្រុះរបស់គណបក្សភឿថៃ អាចទ្រាំទ្រនឹងសម្ពាធពីមជ្ឈដ្ឋានចំនួន៣បានដែរឬទេ? ក្នុងនោះរួមមាន សម្ពាធពីសាធារណមតិថៃ យោធា និងរាជវាំង។ អ្នកជំនាញរូបនេះបន្ថែមថាលោក ថាក់ស៊ីន ដែលជាឪពុករបស់លោកស្រី Paetongtarn នឹងព្យាយាមបញ្ចុះបញ្ចូលឱ្យគណបក្សជាដៃគូបន្តរួមរស់ក្នុងក្រុមចម្រុះជាមួយគណបក្សភឿថៃ។ តាមលោក Montesano គណបក្ស Bhumjaithai តែងតែចាត់ទុកខ្លួនឯងជា Key Player ក្នុងនយោបាយថៃ និងជាអ្នកការពារបុព្វហេតុនៃអ្នកអភិរក្សនិយមរបស់ថៃ។ «ក្នុងន័យនេះ គណបក្ស Bhumjaithai អាចនឹងចាប់យកឱកាសដើម្បីដាក់សម្ពាធឱ្យ លោកស្រី Paetongtarn លាលែងចេញពីតំណែង ហើយតាំងខ្លួនឯងជាអ្នកការពារអ្នកជាតិនិយមថៃ ដែលនេះជាយុទ្ធសាស្ត្រមួយដែលបក្សមួយនេះយកមកប្រើក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
គួរបញ្ជាក់ថា គណបក្សជាដៃគូក្នុងរដ្ឋភិបាលចម្រុះដឹកនាំដោយលោកស្រី Paetongtarn ចំនួន២ គឺគណបក្ស United Thai Nation និង Democrat Party នឹងកោះប្រជុំបន្ទាន់ដើម្បីពិភាក្សាពី ស្ថានការណ៍នយោបាថៃ នៅថ្ងៃព្រហស្បតិ៍នេះ។ ប្រសិនបើមានគណបក្សណាមួយ ឬក៏គណបក្សទាំង២នេះតែម្តងដកខ្លួនចេញពីក្រុមចម្រុះ នោះរដ្ឋាភិបាលរបស់លោកស្រី Paetongtarn អាចនឹងត្រូវ ដួលរលំ ឬត្រូវរំលាយរដ្ឋសភាបោះឆ្នោតឡើងវិញ ឬក៏ត្រូវទុកឱកាសឱ្យបក្សផ្សេងក្នុងក្រុមចម្រុះបង្កើតរដ្ឋាភិបាលចម្រុះថ្មី៕