(បាងកក)៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅខាងក្រៅការិយាល័យរដ្ឋាភិបាលរបស់ថៃ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ដើម្បីទាមទារឱ្យ នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែង ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ព័ត៌មានអាស្រូវខាងលើ បាន និងកំពុងអង្រួនរដ្ឋាភិបាលចម្រុះរបស់លោកស្រី Paetongtarn ឱ្យរង្គើរ បន្ទាប់ពីគណបក្ស Bhumjaithai ជាបក្សធំទី២ ក្នុងក្រុមចម្រុះបានដកខ្លួន ចេញពីសម្ព័ន្ធនយោបាយ កាលពីថ្ងៃពុធ ដោយចោទថាលោកស្រីកំពុងបំផ្លាញប្រទេសជាតិ និងប្រមាថដល់សេចក្ដីថ្លៃថ្នូររបស់យោធាថៃ។ ការបែកធ្លាយកិច្ចសន្ទនាមានរយៈពេល ១៧នាទី ដែលនៅក្នុងនោះគេឮលោកស្រី Paetongtarn រិះគន់មេបញ្ជាការភូមិភាគ២របស់ថៃ ដោយហៅថាជាក្រុមប្រឆាំងនឹងលោកស្រី និងបានហៅសម្ដេចតេជោថា «ពូ» បានបង្កឱ្យមានការខឹងសម្បារក្នុងចំណោមប្រជាជនថៃ។

នៅក្នុងបាតុកម្មតវ៉ាទាមទារឱ្យលោកស្រី Paetongtarn ចុះចេញពីតំណែង គេឃើញមានបាតុករភាគច្រើនជាមនុស្សចាស់ស្លៀកអាវយឺតពណ៌លឿង ជាពណ៌តំណាងឱ្យអ្នកគំាទ្រ របបរាជានិយមថៃ។ ក្រុមបាតុករទាំងនោះបានចោទប្រកាន់នាយករដ្ឋមន្ត្រីវ័យ៣៨ឆ្នាំ ថាខ្វះជំនាញខាងការទូត និងកំពុងបំផ្លាញផលប្រយោជន៍ជាតិ។ «ខ្ញុំពិតជាខកចិត្តខ្លាំង ណាស់ នៅពេលខ្ញុំបានឮសំឡេងបែកធ្លាយ។ គាត់ (លោកស្រី Paetongtarn) ខ្វះជំនាញខាងចរចា។ តើគាត់គិតថាខ្លួនឯងជានរណា? ប្រទេសនេះមិនមែនជាកម្មសិទ្ធិផ្ដាច់មុខ របស់គាត់ឡើយ»។ នេះជាការលើកឡើងរបស់បាតុករម្នាក់ឈ្មោះ Kanya Hanotee មានអាយុ៦៨ឆ្នាំ ប្រាប់ AFP។ បាតុករម្នាក់ទៀត ឈ្មោះ Kaewta មានអាយុ ៦២ឆ្នាំ ជាស្រ្តីមេផ្ទះបានប្រាប់ AFP ថាខ្លួនបានចូលរួមជាមួយក្រុមអាវលឿងអស់រយៈពេល២០ឆ្នាំមកហើយ។ «ខ្ញុំមិនគាំទ្រគណបក្សនយោបាយណាមួយទេ តែខ្ញុំស្អប់ថាក់ស៊ីន និងគ្រួសាររបស់គាត់»។

នៅឯកន្លែងបាតុកម្ម ក្រុមបាតុករបានគ្រវីទង់ជាតិថៃ និងលើកផ្ទាំងបដារដោយសរសេរថា Paetongtarn ជាជនក្បត់ ហើយស្រែកច្រៀងទាមទារឱ្យលោកស្រីចុះចេញពីតំណែង។

គួរបញ្ជាក់ថា ក្រុមបាតុករភាគច្រើនដែលបានប្រមូលផ្ដុំគ្នាតវ៉ា គឺជាក្រុមអាវលឿងដែលជាអ្នកគាំទ្រអ្នកអភិរក្សនិយម និងរបបរាជានិយមថៃយ៉ាងងប់ងុល។ ក្រុមអាវលឿងនេះឯង ដែលបានដឹកនាំបាតុកម្មប្រឆាំងអ្នកនយោបាយត្រកូល Shinawatra ចាប់តាំងពីទសវត្សរ៍ឆ្នាំ២០០០៕