(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល បាននិយាយថា មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក Ayatollah Ali Khamenei លែងអាចអនុញ្ញាតឱ្យនៅរស់រានមានជីវិតតទៀតឡើយ ស្របពេលប្រទេសទាំងពីរបន្តវាយប្រយុទ្ធគ្នាយ៉ាងក្តៅគគុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «លោក Khamenei ប្រកាសជាចំហថា ខ្លួនចង់បំផ្លាញអ៉ីស្រាអែល។ លោកបានចេញបញ្ជាដោយផ្ទាល់ ឱ្យមានការវាយប្រហារមកលើមន្ទីរពេទ្យ។ លោកចាត់ទុកក្តីវិនាសនៃប្រទេសអ៉ីស្រាអែល ជាគោលដៅមួយ។ មនុស្សបែបនេះ មិនអាចទុកឱ្យនៅរស់ទៀតនោះទេ»។

គួរបញ្ជាក់ថា សង្រ្គាមផ្លូវអាកាសរវាងអ៉ីស្រាអែលនិងអ៉ីរ៉ង់ បានឈានចូលដល់ថ្ងៃទី៧ហើយ ខណៈមេដឹកនាំយោធាសំខាន់ៗ និងមនុស្សជំនិតៗរបស់លោក Khamenei ត្រូវបានសម្លាប់ជាបន្តបន្ទាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងទុកឱ្យពិភពលោកងឿងឆ្ងល់ថា តើអាមេរិកនឹងចូលរួមក្នុងសង្រ្គាមអ៉ីស្រាអែល​ដែរឬយ៉ាងណានោះ បានទាមទារឱ្យអ៉ីរ៉ង់យល់ព្រមចុះចាញ់ដោយឥតលក្ខខណ្ឌ ហើយបានអួតអាងថា បើចង់ គឺលោក Khamenei អាចត្រូវបានសម្លាប់យ៉ាងងាយស្រួល៕