(បាងកក)៖ មេដឹកនាំគណបក្ស Bhumjaithai លោក Anutin Charnvirakul បានដាក់លិខិតលាលែងចេញពីតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃហើយ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា បន្ទាប់ពីគណបក្សរបស់លោកដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះរបស់លោកស្រី Paetongtarn Shinawatra។ នេះបើតាមកាសែតថៃ The Nation។

លោក Anutin បានដាក់លិខិតលាលែងពីតំណែងជូននាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ដើម្បីបញ្ជាក់ពីបំណងលាលែងចេញពីតំណែងទាំងអស់ដែលត្រូវបាន តែងតាំង ឬត្រូវបានចាត់តាំង។ ក្នុងលិខិតលាលែងពីតំណែង លោក Anutin បានគូសបញ្ជាក់ដូច្នេះថា «អនុលោមតាមព្រះរាជ្យក្រឹត្យដែលតែងតាំងរូបខ្ញុំជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ខ្ញុំសូមបញ្ជាក់ថាខ្ញុំបានលាលែងចេញពីតំណែងទាំងអស់នេះ រួមទាំងតំណែងផ្សេងទៀតដែលរូបខ្ញុំត្រូវបានតែងតាំង ឬចាត់តាំង ដោយការលាលែងត្រូវចូលជាធរមាននៅថ្ងៃទី១៩ ខែមិថុនា»

គួរបញ្ជាក់ថា លោក Anutin Charnvirakul បានប្រកាសពីការដើរចេញពីរដ្ឋាភិបាលចម្រុះ កាលពីថ្ងៃពុធ ទី១៨ ខែមិថុនា ដោយសារតែការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទរវាង លោកស្រី Paetongtarn ជាមួយសម្ដេចតេជោ ហ៊ុន សែន៕