(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ថា បទឈប់បាញ់ត្រូវតែជាអាទិភាពបន្ទាន់បំផុតក្នុងការដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ។

នៅក្នុងកិច្ចសន្ទនានោះ មេដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាលើស្ថានការណ៍នៅមជ្ឈិមបូព៌ា ដែលកំពុងកើនឡើងខ្លាំង បន្ទាប់ពីការវាយប្រហារគ្នាទៅវិញទៅមករវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ លោក ស៊ី បានគូសបញ្ជាក់ពីគោលការណ៍ និងជំហររបស់ចិន ដោយមានប្រសាសន៍ថា ស្ថានការណ៍បច្ចុប្បន្នគឺ «មានគ្រោះថ្នាក់ខ្លាំងណាស់» ហើយថាពិភពលោកកំពុងឈានចូលដល់ «សម័យកាលថ្មីនៃភាពចលាចល និងការផ្លាស់ប្តូរ»

លោក ស៊ី បានអំពាវនាវឲ្យភាគីពាក់ព័ន្ធក្នុងជម្លោះ «ជាពិសេសអ៊ីស្រាអែល ត្រូវបញ្ឈប់ប្រតិបត្តិការយោធាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យស្ថានការណ៍កាន់តែតានតឹងបន្ថែមទៀត​ និងបញ្ចៀសយ៉ាងម៉ឺងម៉ាត់នូវការរីករាលដាលនៃសង្គ្រាម»។ លោកបានសង្កត់ធ្ងន់ថា ការការពារសុវត្ថិភាពជនស៊ីវិល គឺជាអាទិភាពកំពូល ហើយ «បន្ទាត់ក្រហម» នៃការការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ មិនត្រូវឆ្លងកាត់ឡើយ។

លោកប្រធានាធិបតីចិន បានបញ្ជាក់ជាថ្មីថា ការសន្ទនា និងការចរចា គឺជាដំណោះស្រាយជាមូលដ្ឋាន ហើយបានជំរុញឲ្យភាគីពាក់ព័ន្ធគាំទ្រដំណោះស្រាយនយោបាយចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។ លោកបានបន្ថែមថា សហគមន៍អន្តរជាតិ ជាពិសេសប្រទេសមហាអំណាចដែលមានឥទ្ធិពល គួរតែប្រឹងប្រែងធ្វើឲ្យស្ថានការណ៍ចុះត្រជាក់ មិនមែនផ្ទុយពីនេះទេ ហើយបានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ ដើរតួនាទីកាន់តែមានប្រសិទ្ធភាព។

មន្ត្រីវិមានក្រឹមឡាំងបានបញ្ជាក់ថា មេដឹកនាំទាំងពីរមានទស្សនៈដូចគ្នាក្នុងការថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែល ដែលពួកគេជឿជាក់ថាបានរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា ចិនបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការបន្តបង្កើនការទំនាក់ទំនង និងការសម្របសម្រួលជាមួយគ្រប់ភាគី ដើម្បីដើរតួនាទីប្រកបដោយការស្ថាបនាក្នុងការស្តារសន្តិភាពនៅមជ្ឈិមបូព៌ា៕