(ឡុងដ៍)៖ អ្នកនាំពាក្យកងទ័ពជើងទឹកអង់គ្លេស បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនាថានាវាល្បាតមួយគ្រឿងរបស់កងទ័ពជើងទឹកអង់គ្លេស បានធ្វើដំណើរឆ្លងកាត់តាម ច្រកសមុទ្រតៃវ៉ាន់ អនុលោមតាមច្បាប់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យខាងលើដដែលបានគូសបញ្ជាក់ថា «ការធ្វើនាវាចរតាមទម្លាប់ធម្មតារបស់នាវា HMS Spey ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ គឺជាផ្នែកមួយនៃគម្រោង ដាក់ពង្រាយជាយូរណាស់មកហើយ និងធ្វើឡើងជាមួយការអនុវត្តយ៉ាងពេញលេញតាមច្បាប់អន្តរជាតិ»។ ខណៈក្រសួងការពារជាតិអង់គ្លេសមិនបានបង្ហើបថាតើការធ្វើដំណើររបស់ នាវាល្បាត HMS Spey ធ្វើឡើងតាំងពីពេលណា ក្រសួងការបរទេសតៃវ៉ាន់បាននិយាយថាការធ្វើដំណើររបស់នាវានេះកើតឡើងកាលពីថ្ងៃពុធសប្ដាហ៍នេះ។

គួរបញ្ជាក់ថា កាសែតចិន Global Times បានរាយការណ៍ថា យោធាចិនបានតាមដានសកម្មភាពនាវាអង់គ្លេស ខណៈនាវានេះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃពុធ។ ចិនដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន បាននិយាយថាច្រកសមុទ្រតៃវ៉ាន់ ក៏ជាកម្មសិទ្ធិរបស់ចិនដែរ តែតៃវ៉ាន់ថាជាដែនទឹកអន្តរជាតិ៕