(ស៉ីដនី)៖ នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ប្រទេសអូស្ត្រាលី បានប្រកាសពីការផ្អាកប្រតិបត្តិការនៃស្ថានទូតរបស់ខ្លួន ក្នុងទីក្រុងតេហេរ៉ង់ ដោយលើកឡើងពីស្ថានភាពសន្តិសុខយ៉ាប់យ៉ឺន ខណៈដែលអ៉ីស្រាអែល បានវាយលុកទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ម្តងទៀត ហើយសង្រ្គាមតាមផ្លូវអាកាសដែលមានរយៈពេលមួយសប្តាហ៍មកនេះ មិនទាន់មានសញ្ញាថមថយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្រ្តីការបរទេស លោកស្រី Penny Wong បានឱ្យដឹងថា បុគ្គលិកការពារជាតិ និងយន្តហោះអូស្រ្តាលី កំពុងត្រូវបានដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ា ជាផ្នែកមួយនៃផែនការសង្គ្រោះបន្ទាន់ ដើម្បីជួយជម្លៀសពលរដ្ឋ និងអ្នកការទូតរបស់ខ្លួន នៅពេលដែលដែនអាកាសត្រូវបានបើក និងមិនសម្រាប់ការប្រយុទ្ធណាមួយទេ។

តាមលោកស្រី Wong បុគ្គលិកកុងស៊ុលអូស្រ្តាលីនៅអ៉ីរ៉ង់ កំពុងត្រូវបានបញ្ជូនទៅកាន់ប្រទេសជិតខាងគឺអាស៊ៃបៃហ្សង់ រួមទាំងច្រកព្រំដែននៃប្រទេសនេះ ដើម្បីជួយដល់ប្រជាជនអូស្ត្រាលី ដែលចាកចេញពីអ៉ីរ៉ង់តាមផ្លូវគោក។ ទិន្នន័យផ្លូវការបង្ហាញថា មានប្រជាជនអូស្ត្រាលីប្រហែល ២ ០០០នាក់ និងគ្រួសាររបស់ពួកគេ បានស្នើសុំជំនួយដើម្បីចាកចេញពីអ៉ីរ៉ង់។

គួរបញ្ជាក់ថា អ៉ីស្រាអែល​ បានបើកការវាយប្រហារ​តាម​ផ្លូវអាកាស​ប្រឆាំង​នឹង​អ៊ីរ៉ង់ ​ដោយ​និយាយថាវាជាការ​វាយ​ប្រហារ​ទុក​មុន​ ដើម្បី​រារាំង​អ៉ីរ៉ង់​ពី​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ។ អ៉ីរ៉ង់​ បាន​បដិសេធនូវការចោទប្រកាន់របស់អ៉ីស្រាអែល ហើយ​បានបើកការវាយប្រហារ​សងសឹកវិញ៕