(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី២០ ខែមិថុនា តំបន់ភាគកណ្តាលនិងខាងត្បូងនៃប្រទេសចិន ត្រូវបានដាក់ឱ្យស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ សម្រាប់គ្រោះទឹកជំនន់ភ្លាមៗ ខណៈដែលរដូវព្យុះភ្លៀងឈានចូលមកដល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការប្រកាសអាសន្នកម្រិតពណ៌ក្រហម ដែលជាលើកដំបូងក្នុងឆ្នាំនេះ ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ សម្រាប់ខេត្ត Anhui, Henan, Hubei, Hunan, Guizhou និងតំបន់ Guangxi។ បន្ទាប់ពីរដូវភ្លៀង ដែលឆ្នាំនេះហាក់មកដល់លឿនជាងធម្មតា ជាទូទៅប្រទេសចិន ត្រូវបន្តទទួលរងការវាយប្រហារដោយបាតុភូតរលកកម្តៅថែមទៀត។ ការខាតបង់សេដ្ឋកិច្ច ពីគ្រោះមហន្តរាយធម្មជាតិនៅចិន មានទំហំលើស១០ពាន់លានដុល្លារ កាលពីខែកក្កដា ឆ្នាំមុន ដែលជាខែជាធម្មតាមានភ្លៀងធ្លាក់ខ្លាំងជាងគេ។
គួរបញ្ជាក់ថា ទំហំនៃការខូចខាតគឺលើសពីទំហំខាងលើដល់ទៅ៣ដងទៅទៀត កាលពីឆ្នាំ២០២០ នៅពេលដែលប្រទេសចិនបានប្រឈមនឹង រដូវភ្លៀងដ៏យូរបំផុតមួយ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក ដោយទទួលរងភ្លៀងធ្លាក់សរុបរយៈពេលជាង៦០ថ្ងៃ ឬស្មើនឹងខ្ទង់៣សប្តាហ៍យូរជាងធម្មតា៕