(កៀវ)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានតែងតាំង លោក Hennadiy Shapovalov ជាមេបញ្ជាការថ្មីនៃកងកម្លាំងជើងគោករបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
មុនត្រូវបានតែងតាំងឱ្យកាន់តំណែងខាងលើ លោក Shapovalov មានតួនាទីជា អ្នកតំណាងប្រចាំនៅមជ្ឈមណ្ឌលសម្របសម្រួលរបស់អង្គការ NATO ក្នុងប្រទេសអាល្លឺម៉ង់។ មុននោះទៀតសោត លោកធ្លាប់បម្រើជាមេបញ្ជាការនៃកងកម្លាំងបញ្ជាការដ្ឋានប្រតិបត្តិការភាគខាងត្បូង។ លោក ហ្សេលេនស្គី បាននិយាយថា បទពិសោធរបស់លោក Shapovalov ក្នុងការធ្វើការជាមួយ NATO នឹងចូលរួមចំណែកយ៉ាងវិជ្ជមាន ក្នុងការដាក់ចេញនូវកំណែប្រែផ្សេងៗ សម្រាប់កងទ័ពអ៊ុយក្រែន។
គួរបញ្ជាក់ថា លោក Shapovalov ឡើងកាន់តំណែងជាប្រមុខកងទ័ពជើងគោកអ៊ុយក្រែន បន្តពីលោក Mykhailo Drapatyi ដែលបានលាលែងកាលពីដើមខែនេះ ក្រោយការវាយប្រហារដ៏ប្រល័យមួយរបស់រុស្ស៉ី ចំលើជំរំហ្វឹកហ្វឺននៅភាគអាគ្នេយ៍អ៊ុយក្រែន៕